ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កម្ពុជាដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន

    BY Nisaiy KN August 31, 2025
    អបអរសាទរ! កម្ពុជាដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន

    (ប្រទេសហ្វីលីពីន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា បេក្ខជនមកពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award) ចំនួន ១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

    លោក ចាន់ វិចិត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន ៣១រូប និងបេក្ខជនចំនួន ១៩រូប ដែលបានចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន ១៣ជំនាញ ពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

    កម្មវិធីប្រកួតប្រជែងនោះ មានគោលបំណង​ជំរុញកិច្ចសហ​ប្រតិបត្តិការ​បច្ចេក​ទេសរវាង​វិស័យ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយ​ប្រទេស​ជាសមា​ជិក​អាស៊ាន ការជំរុញឱ្យមាន​កិច្ចសហ​ប្រតិបត្តិ​ការកាន់តែ​ជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាល ឧស្សាហកម្ម និយោជកជាមួយនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ និងការផ្ត​ល់​ជាមធ្យោបាយ ដើម្បីទទួលស្គាល់ឧត្តមភាពការងារ និងអភិវឌ្ឍន៍យុវជន និងកម្មករជំនាញជំនាន់ថ្មីឱ្យមានជំនាញខ្ពស់។

    បេក្ខជន សិត ដារ៉ា មកពីវិទ្យាស្ថានប៉េ អេស អឺ (PSE) នៃអង្គការដើម្បីភាពញញឹមនៃកុមារ ទទួលបានពានរង្វាន់មេដាយសំរឹទ្ធិ ទាក់ទងនឹងមុខជំនាញរៀបការ៉ូ, បេក្ខជន ណន តាំងហេង និង អុល សុភារម្យ មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដណ្ដើមបានពានរង្វាន់មេដាយឧត្តមភាព ទៅលើមុខជំនាញ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​កម្ម និង​ពានរង្វាន់ល្អបំផុតលើមុខជំនាញ Cooking ដណ្ដើមដោយបេក្ខជន ចាង សុភ័ក្រ មកពីវិទ្យាស្ថានវិទ្យា​ស្ថានម្ហូបអា​ហារកម្ពុជានៃក្រសួងទេសចរណ៍។

    គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងនេះ មិនត្រឹមតែជាប្រកួតប្រជែងស្វែងរកអ្នកបច្ចេកទេសដ៏ឆ្នើមបំផុតនោះទេ ប៉ុន្ដែគឺជាការផ្ដល់​ឱកាសដល់​យុវជន​ក្នុងការ​បង្ហាញទេ​ព​កោ​សល្យ ការច្នៃប្រឌិត និងបង្កើនភាពជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។ កម្មវិធីនេះ​ថែមទាំង​លើកទឹក​ចិត្តដល់យុវជន​ឱ្យពង្រឹង​មុខ​ជំនាញ​របស់​ពួក​គេ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: