ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ប្រាក់ សោភ័ណ ៖ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេ ប៉ុន្តែនឹងរៀបចំផ្សារទឹក ជិះទូកកម្សាន្ត

    BY SOMATEY September 19, 2025
    ឯកឧត្តម ប្រាក់ សោភ័ណ ៖ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេ ប៉ុន្តែនឹងរៀបចំផ្សារទឹក ជិះទូកកម្សាន្ត

    សៀមរាប ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលជា មួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនបុគ្គលិកអនាម័យ សាលាខេត្ត និង ជូនថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

    ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឱ្យល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការ អង្គភាព និង មានការទំនាក់ទំនងល្អ ជាមួយបណ្តាមន្ទីរ អង្គភាព និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

    ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប ដែលឆ្លងតាមរយៈការបំពេញការងារនឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអនាម័យសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឱ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនក ហើយជាសំខាន់នោះក្នុងពេលមានសភាពការណ៍នៅតាមព្រំដែន ដែលមានការឈ្លានពានរបស់ទាហានថៃ បងប្អូនបានសហការគ្នាបានល្អ ក្នុងការគ្រប់គ្រងជំនួយឧបត្ថម្ភពីសម្បុរសជនជិតឆ្ងាយ ក្នុងការឧបត្ថម្ភ ផ្គត់ផ្គង់គ្រប់គ្រងដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និង គ្រួសារកងទ័ព ព្រមទាំងគាំទ្រដល់កងទ័ពសមរភូមិមុខ ។

    ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា «ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត មិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ តែមានការរៀបចំផ្សារទឹក និងជឹះទូកកម្សាន្តតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការបម្រើដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប»។

    ក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូបដល់បណ្តាទីចាត់ការ អង្គភាពទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបុគ្គលិកអនាម័យ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌផងដែរ៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: