រយៈពេល៦ថ្ងៃ រថយន្ដក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតជិត១០ម៉ឺននាក់
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រយៈពេល៦ថ្ងៃនៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋប្រមាណជិត១០ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០ នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។ អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលគឺសុវត្ថិភាព១០០ភាគរយ។
ប្រជាពលរដ្ឋដែលនាំគ្នាជិះរថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួនម្នាក់ៗប្រមាណ ៨ម៉ឺនរៀលឬ២០ដុល្លារអាមេរិកដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។ ជាក់ស្តែងដូចនេះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តក្រុងគឺសុវត្ថិភាព១០០ ភាគរយតែម្តង។
សូមបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់រយៈ ពេល ០៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖១-រថយន្តក្រុងចំនួន ១០០ គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPR ESS BUS)។ ២- រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅលេងស្រុក កំណើត និងការវិលត្រលប់មកវិញ ដោយមានបែង ចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅព្រមទាំងបាន រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕


