ពិព័រណ៍ផលិតផលខ្មែររៀបចំដោយ សសយក ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក រៀបចំ ឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ( ស ស យ ក ) កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ឱ្យមានភាពទូលំទូលាយ និងអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន។

អ្នកស្រី សោម ដារ៉ែនប្រជាពល រដ្ឋ រស់នៅស្រុកល្វាអែម ខេត្ត កណ្តាល ដែលអញ្ជើញមកទស្សនាតាំងពិព័រណ៍ផលិតផលខ្មែរបានប្រាប់ក្រុមការងារវិទ្យុជាតិកម្ពុជាថា ពិព័រណ៍នេះបានផ្តល់ឱកាសល្អឱ្យអ្នកស្រីបាន ស្គាល់កាន់តែច្បាស់អំពីផលិតផលខ្មែរ ដែលមានគុណភាពល្អ ពិសេស និងមានតម្លៃសមរម្យ ខណៈផលិតផលដែលដាក់តាំងបង្ហាញមានលក្ខណៈសម្បូរបែប ទាំងផ្នែកម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ ផលិតផលកែច្នៃ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត។ អ្នកស្រីមានមោទនភាពចំពោះផលិតផលខ្មែរ ដែល ផលិតដោយកូនខ្មែរមានគុណភាពមិន ចាញ់បរទេសនោះទេ។ ជាងនេះទៅទៀត ការទិញផលិតផលខ្មែរ ក៏ជាការជួយដល់សេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តដល់សហគ្រិនខ្មែរឱ្យកាន់តែរីកចម្រើនដែរ។
«ខ្ញុំសប្បាយរីករាយណាស់ដោយឃើញផលិតផលខ្មែរ មានគុណភាពល្អ និងការវេចខ្ចប់ស្រស់ស្អាតមិនចាញ់បរទេសទេ។ ហើយការតាំងបង្ហាញផលិតផលខ្មែររបស់យើងនេះពិតជាមានសមត្ថភាពអាចផលិតរបស់ដែលមានគុណភាពមិនចាញ់បរទេសទេ។ ផលិតផលខ្មែរដែលអាចផលិតបានយ៉ាងច្រើនសម្បូរ បែប បែបនេះបាន គឺដោយសារតែសុខសន្តិភាពតែម្ដង ក្រោមការដឹកនាំរបស់ សម្តេចទាំង២ គឺសម្ដេចតេជោ និងសម្តេចធិបតី ដោយមានការដឹកនាំល្អ លើទឹកចិត្តឱ្យកូនខ្មែរផលិតឱ្យបានច្រើន ។ »
លោក សុខ លឹម ដែលបានមកទស្សនាតាំងពិព័រណ៍ផលិតផលខ្មែរបានឱ្យដឹងដែរថា ក្នុងពិព័រណ៍នេះមានភាពអ៊ូអរ និងមានផលិតផលយ៉ាងច្រើនផលិតដោយកូនខ្មែរ។ ដូច្នេះក្នុងនាមជាកូនខ្មែរ លោកមោទនភាព ដែលប្រជាជនកម្ពុជាមានសមត្ថភាពក្នុងការផលិតនូវផលិតផលយ៉ាងច្រើន មិនចាញ់បណ្ដាប្រទេស ទាំងគុណភាព និងតម្លៃ ជាពិសេសគិតគូរទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរតែម្តង។លោកអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាគាំទ្ររាល់ផលិតផលខ្មែរ ជាពិសេសរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មក្នុងស្រុកឱ្យខិតខំផលិតនូវផលិត ផល ដែលមានគុណភាពនិងតម្លៃសមរម្យ ។
សូមបញ្ជាក់ថាពិព័រណ៍ផលិតផល ខ្មែរ ក្រោមប្រធានបទ ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ( ស ស យ ក ) មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L) ដោយមានស្តង់ តាំងបង្ហាញផលិតផលក្នុងស្រុកប្រមាណ២៨៣ស្តង់៕ ដោយ ៖ វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ






