ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តស្វាយរៀង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ

    BY SOMATEY October 2, 2025
    អភិបាលខេត្តស្វាយរៀង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ ស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមជាច្រើនរូបទៀត។

    មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមក បានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបប្រទះនូវគ្រោះមហន្តរាយ ធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបានល្អ ប្រសើរ ជាពិសេសក្នុងការចូលរួមនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបង្ការទប់ស្កាត់យ៉ាងជោគជ័យ នូវរាល់សកម្មភាព ប៉ុនប៉ងទាំងឡាយដែលមានចេតនាបំផ្លាញនូវសុខសន្តិភាពក្រោមរូបភាពខុសច្បាប់ផ្សេងៗ ហើយនៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើង ទទួលរងនូវការឈ្លានពានយ៉ាង អយុត្តិធម៌ពីប្រទេសថៃ នាពេលកន្លងមកនេះ និងសូមសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ដែលបានរៀបចំនូវវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់ ក៏ដូចជាវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព លំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ នៅថ្ងៃនេះជាដើម ។

    ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដូចខាងក្រោម ៖

    ១.ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ត្រូវតែការពារឲ្យបានដាច់ខាត នូវសន្តិភាព និងលើកកម្ពស់មនសិការស្នេហាជាតិ បន្តជឿជាក់លើការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលក្នុងកិច្ចការដោះស្រាយបញ្ហាជាតិ និងចំពោះមុខបរទេសឈ្លានពាន គោរពឲ្យ បានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី ។

    ២.ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំនិងល្អប្រសើរ ជាពិសេសជួរនាយ ទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ។

    ៣.ក្រៅពីវគ្គហ្វឹកហ្វឺននេះ ពលទាហានយើងទាំងអស់ ក៏ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ តាមឲ្យទាន់និន្នាការ នៃការ រីកចម្រើនរបស់វិស័យយោធានៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ព្រមទាំងត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបាន ល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។

    ៤.ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្តែង ក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបាន មាំមួន ព្រមទាំងត្រូវខិតខំកសាងជំរុំជម្រកស្នាក់នៅឲ្យបានសមរម្យ និងធានាសុវត្ថិភាពបានល្អ។ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹង និងពុទ្ធិថ្មីៗ ជាប្រយោជន៍សម្រាប់ការបំពេញតួនាទីប្រចាំថ្ងៃ បម្រើជាតិ មាតុភូមិ និងប្រជាជន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: