ក្រុមហ៊ុន អឺបេនលែន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងភាពជាដៃគូថ្មីជាមួយសាលាអន្តរជាតិ អ៉ីខូ ដើម្បីលើកស្ទួយការរីកចម្រើនដល់តំបន់ ISI PARK វេង ស្រេង
ភ្នំពេញ – ថ្ងៃទី 03 ខែតុលា 2025 – អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងស្រុក មានមោទនភាពក្នុងការប្រកាសជាផ្លូវការនៃភាពជាដៃគូថ្មីជាមួយសាលាអន្តរជាតិ អ៉ីខូ (Eco International School) ដែលជាសាលាអន្តរជាតិមានភាពលេចធ្លោមួយ ផ្តោតលើកម្មវិធីសិក្សាស្តង់ដាពីចក្រភពអង់គ្លេស និងស្របតាមកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា។

[គម្រោងសាលាអន្តរជាតិ អ៉ីខូ ស្ថិតនៅក្នុងតំបន់ ISI PARK វេង ស្រេង]
ពិធីចុះហត្ថលេខាជាផ្លូវការនេះមានការចូលរួមដោយលោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន និងលោក សេង វីទីន សហស្ថាបនិក និងលោក ចាង ប៊ុនលាង សហស្ថាបនិកនៃសាលាអន្តរជាតិ អ៉ីខូ ព្រមទាំងក្រុមការងារជាច្រើនទៀត។ ភាពជាដៃសហការថ្មីនេះបានគូសបញ្ជាក់ អំពីគោលបំណងចម្បងក្នុងការបញ្ចូលការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យមួយដល់សហគមន៍តំបន់ វេង ស្រេង។ ភាពជាដៃគូនេះផ្តួចផ្តើមឡើងដោយការមើលឃើញពីតួនាទីសំខាន់របស់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះ និងការរស់នៅប្រកបដោយផាសុកភាព ហ៊ុមព័ទ្ធដោយធម្មជាតិបៃតង រួមមានអគារការិយាល័យប្រណិត ISI TOWER ផ្សារទំនើបសហគមន៍ ខេ ម៉ល (K Mall) ផ្ទះអាជីវកម្មចន្ទគីរី និងកីឡាដ្ឋានបាល់ទាត់ AIA សាលាអន្តរជាតិ អ៉ីខូ នឹងនាំមកនូវសក្តានុពលថ្មីមួយទៀត ផ្តល់ជូនការអប់រំកាន់តែប្រសើរ និងធ្វើឱ្យតំបន់ ISI PARK វេង ស្រេង ក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ការរស់នៅ ការធ្វើការ និងការកម្សាន្ត។

[ទិដ្ឋភាពបច្ចុប្បន្ននៃតំបន់ ISI PARK តាមបណ្តោយមហាវិថី វេង ស្រេង]
នាពេលបច្ចុប្បន្ននេះ សាលាអន្តរជាតិ អ៉ីខូ មានសាខាចំនួន 3 ដែលកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិស្សានុសិស្សជាតិ និងអន្តរជាតិមកពីជាង 20 ប្រទេស និងមានចំនួនសិស្សជាង 400 នាក់។ សាលាមានចក្ខុវិស័យខ្ពស់ក្នុងការផ្តល់បរិយាកាសអប់រំដ៏សមរម្យ ផ្តល់ការយកចិត្តទុកដាក់ និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការការសិក្សាក្នុងសតវត្សទី 21។ កម្មវិធីសិក្សាសាលារួមបញ្ចូលទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ក៏ដូចជាការអប់រំសិល្បៈ កីឡា និងតន្ត្រី ជាពិសេសកម្មវិធី STEAM (Science, Technology, Engineering, Arts, Mathematics) ព្រមទាំងការបណ្តុះគំនិតត្រិះរិះពិចារណា និងរបកគំហើញថ្មីៗបន្ថែមទៀត។

[សាលាអន្តរជាតិ អ៉ីខូ ផ្តោតលើកម្មវិធីសិក្សាស្តង់ដាចក្រភពអង់គ្លេស]
គម្រោងសាលាអន្តរជាតិថ្មីនេះនឹងចាប់ផ្តើមដំណើរការហើយ ដោយដំណាក់កាលទី 1 នឹងចាប់ផ្តើមទទួលសិស្សឱ្យចូលរៀនចាប់ពីខែសីហា ឆ្នាំ2026 ខាងមុខនេះតទៅ ហើយអាចទទួលសិស្សរហូតដល់ 360 នាក់ពីកម្រិតឆ្នាំដំបូងដល់ថ្នាក់ទី 2។ ដំណាក់កាលទី 2 នឹងចាប់ផ្តើមនៅឆ្នាំ 2029 អាចទទួលសិស្សចូលរៀនចំនួន 440 នាក់ ចាប់ពីកម្រិតឆ្នាំដំបូងដល់ថ្នាក់ទី 12 ។


[ពិធីចុះហត្ថលេខាជាផ្លូវការរវាងលោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន
និងលោក សេង វីទីន សហស្ថាបនិក សាលាអន្តរជាតិ អ៉ីខូ]
កិច្ចសហការនៃការបង្កើតគម្រោងសាលាអន្តរជាតិថ្មីនេះ ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍតំបន់ ISI PARK វេង ស្រេង របស់ក្រុមហ៊ុន អឺបេនលែន ដើម្បីផ្តល់ជូនការរស់នៅប្រកបដោយភាពសម្បូរបែប និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកជម្រុញឱ្យមានការរីកចម្រើនលូតលាស់ដល់ប្រទេសកម្ពុជា។


[ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងភាពជាដៃគូថ្មី ជាមួយសាលាអន្តរជាតិ អ៉ីខូ]