ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុនផ្តល់ជំនួយឥតសំណងជាង២៦ម៉ឺនដុល្លារ សម្រាប់គម្រោង​ចំនួនពីរ​នៅខេត្តស្វាយរៀងនិងកំពង់ស្ពឺ

    BY SOMATEY October 3, 2025
    ជប៉ុនផ្តល់ជំនួយឥតសំណងជាង២៦ម៉ឺនដុល្លារ សម្រាប់គម្រោង​ចំនួនពីរ​នៅខេត្តស្វាយរៀងនិងកំពង់ស្ពឺ

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ​បានឱ្យដឹងថា កិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៃប្រទេសជប៉ុនដែលមាន​ទំហំ​ទឹកប្រាក់ចំនួន២៦៧.៣៨៤ ដុល្លារអាម៉េរិកសម្រាប់អនុវត្តលើ​គម្រោងចំនួនពីរនៅខេត្តកំពង់ស្ពឺ និង​ស្វាយរៀង ត្រូវបាន​ចុះ​ហត្ថលេខានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន​ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ស្ពឺ លោក ថោង អ៊ុំវ៉ារិន ប្រធានស្ដីទីមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

    គម្រោងទាំងពីរដែលទទួលបាននូវជំនួយឥតសំណងគូសាណូណិ គឺគម្រោងទី១ អនុវត្ត​ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ស្ពឺ នូវថវិកាចំនួន ១២៦.៧១០ ដុល្លារ​សម្រាប់​ការស្តារប្រព័ន្ធ​ធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺ។ ប្រព័ន្ធធារាសាស្ត្រដែលបាន​កែលម្អ​ទាំងនេះមិនត្រឹមតែ​ចូល​រួមចំណែក​ក្នុងការធានាការ​ផ្គត់ផ្គង់ទឹក​សម្រាប់កសិកម្មប្រកបដោយស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅរបស់ប្រជាជន​ជាង ៤.០០០នាក់និង​បង្កើនប្រាក់ចំណូលរបស់កសិករ​ផងដែរ។

    សម្រាប់គម្រោងទី២ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៤០.​៦៧៤ ដុល្លារដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពាន​ឈើ​ពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ ការ​ដឹក​ជញ្ជូន​កសិផល ហើយនឹងផ្ដល់ឱ្យប្រជាជនមូលដ្ឋាន​ប្រមាណ ៥.០០០នាក់ នូវផ្លូវធ្វើដំណើរប្រកប​ដោយ​សុវត្ថិភាពទៅកាន់​សាលារៀន ផ្សារ និងមណ្ឌលសុខភាព​ដែលនៅជិតបំផុត។

    សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិង​កំពុង​ផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជាដើម្បី​ជួយ​​ដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ ក្នុងរយៈ​ពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បានអនុវត្តជាង ៧០០គម្រោង នៅទូទាំង​ប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍​ជំនួយឥតសំណងគូសាណូណិ។

    ក្នុងពិធីចុះហត្ថលេខាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​បានបញ្ជាក់ថា “យើងមានសេចក្តីសោមនស្សរីករាយ​ដែល​គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់​ប្រជាជនកម្ពុជា​នៅកម្រិតមូលដ្ឋាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: