កុមារាកើតមកមានដៃ៤ ជើង៤ បច្ចុប្បន្នមានអាយុជាង២ឆ្នាំហើយ កុមារារូបនេះមានសុខភាពល្អ បន្ទាប់ពីបានឆ្លងការវះកាត់៤លើកជោគជ័យដោយគ្រូពេទ្យគន្ធបុប្ផា
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា កុមារាអាយុ ២ឆ្នាំជាង កើតមកមានដៃ ៤ និងជើង ៤ ក្រោយទទួលបានការវះកាត់ចំនួន ៤ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ហៅមន្ទីរពេទ្យគន្ធបុប្ផា កុមារារូបនេះមានសុខភាពល្អ និងមានការលូតលាស់ដោយធំធាត់ប្រក្រតី។

យោងតាមការបញ្ជាក់លម្អិតរបស់ Dr. Beat Richner ថា កុមារាមានអាយុ ២ឆ្នាំ ៣ខែ ចូលសំរាកពេទ្យតាំងពីអាយុ ២ថ្ងៃ គឺចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ។
សម្រាប់កុមារារូបនេះ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ដៃ អវៈយវៈក្រោម៤ ជើង និងមានរន្ធគូទត្បៀតជិត តាំងពីមកពីកំណើតមក ហើយបានចូលសម្រាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ហៅគន្ធបុប្ផា ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា។ ក្រោយឆ្លងកាត់ការវះកាត់ចំនួន ៤លើកមក ជាលទ្ធផលកុមារារូបនេះទទួលបានជោគជ័យ។
-កាត់លើកទី១គឺ ការវះកាត់យកអវៈយវៈលើ១គូរ (ដៃ) ចេញ។
-ការវះកាត់លើកទី២គឺ ការវះកាត់ដោយចោះពោះវៀនធំដើម្បីអោយទារកបន្ទោបង់លាមកតាមចង្កេះ (colostomy) បណ្តោះអាសន្ន។
– ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូរ (ជើង) ចេញ។
-ការវះកាត់លើកទី៤គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើកទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កុមារារូបនេះ មានសុខភាពល្អបរិបូរណ៏ អាចដើរនិងរត់លេងបានដូចកុមារធម្មតា។ ក្រុមការងារវះកាត់យើងខ្ញុំនិងរៀបចំគំរោងវះកាត់លើកទី៥ជាដំណាក់កាលបញ្ចប់នាខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ ដោយការជួសជុលរន្ធគូទនិងអវះយវះភេទអោយនៅចំកន្លែងធម្មជាតិ៕



ប្រភព៖ Dr. Beat Richner