ហ៊ានជះលុយទិញអត់ បើ Galaxy Note 10 មានរូបរាងបែបនេះ?
- June 6, 2019
Galaxy Note 10 របស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួននៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែថ្មីៗនេះស្រាប់តែលេចធ្លាយរូបរាងរបស់ Galaxy Note 10 ដែលខុសប្លែកជាឆ្នាំមុនៗតែម្តង។ តាមរូបភាពនោះបានបង្ហាញថា Note 10 ក្នុងឆ្នាំនេះ នៅតែរក្សារចនាបទជ្រុងៗដដែល ប៉ុន្តែលើកនេះហាក់មានលក្ខណៈជ្រុងខ្លាំងជាងម៉ូដែលមុនៗ ហើយអេក្រង់វិញ Note 10 បានប្រើប្រាស់អេក្រង់ប្រភេទ Infinity O ដែលមានផ្ទៃលាតពេញអេក្រង់គ្រប់គែម ដោយគ្រាន់តែចោះប្រហោងតូចមួយសម្រាប់បំពាក់កាមេរ៉ាមុខតែប៉ុណ្ណោះ។ Galaxy Note 10 មានទំហំអេក្រង់ 6.3 អ៉ីញ ប្រភេទអេក្រង់កោង AMOLED និងបំពាក់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្នុងអេក្រង់ផងដែរ។
ចំណែកឯផ្នែកខាងក្រោយវិញ មានបំពាក់កាមេរ៉ា៣គ្រាប់ ដែលលើកនេះមិនមែនតម្រៀបផ្តេកដូច Galaxy S10 ឡើយ ដោយលើកនេះរៀបជាបញ្ឈរវិញ។ រីឯសមត្ថភាពចាប់យករូបភាពវិញ គឺ Note 10 ស្រដៀងគ្នានឹង S10 ដែរ ដែលមានកាមេរ៉ាទំហំ 12MP សម្រាប់ថតប្លង់ធម្មតា, 12MP សម្រាប់ថត zoom ចូលក្នុង 2x និង 16MP សម្រាប់ថតប្លង់ super-wide-angle។
ខាងក្រោមនេះ គឺជារូបរាង Galaxy Note 10 ដែលលេចធ្លាយនៅលើអិនធើណេត ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ផ្លូវការណាមួយពី Galaxy Note 10 ឡើយ៕

អត្ថបទ៖ ឌី
ប្រភព៖ phonearena
- Share This Post:







