ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឌិត ទីណា ជំរុញការអភិវឌ្ឍ «សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង» ខេត្តពោធិ៍សាត់ តាមយន្តការត្រីវិស័យ ដើម្បីបង្កើនជីវភាពកសិករ និងអតីតយុទ្ធជន

    BY SOMATEY October 30, 2025
    ឯកឧត្តម ឌិត ទីណា ជំរុញការអភិវឌ្ឍ «សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង» ខេត្តពោធិ៍សាត់ តាមយន្តការត្រីវិស័យ ដើម្បីបង្កើនជីវភាពកសិករ និងអតីតយុទ្ធជន

    យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នារសៀលថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង និងពិនិត្យវឌ្ឍនភាពនៃការរៀបចំអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមី ទៅរកផលិតកម្មម្ទេស បន្លែស្លឹក និងមាន់ស្រែ ដែលនឹងជួយលើកស្ទួយជីវភាព និងផ្តល់ប្រភពចំណូលចម្រុះជូនពុកម៉ែបងប្អូនជាសមាជិក ជាពិសេសអតីតយុទ្ធជន​ នៅខេត្តពោធិ៍សាត់។

    ឯកឧត្តមរដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថាការចងក្រងជាសហគមន៍កសិកម្មទំនើប​ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង ជាពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារនិងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុន និងជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ)។

    ឯកឧត្តមរដ្ឋមន្រ្តី​ បានបន្ថែមថាក្រសួងកសិកម្មនឹងបន្តជួយជ្រោមជែងប្រជាកសិករតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យទទួលបានផលប្រយោជន៍​ជាច្រើនថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពុកម៉ែបងប្អូន​៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: