ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជិត២០ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    BY SOMATEY November 7, 2025
    ភ្ញៀវទេសចរជិត២០ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតបានទទួលទេសចរជិត ២០ម៉ឺននាក់។ មន្ត្រីជំនាញថា នេះជាជោគជ័យមួយសម្រាប់ខេត្តកំពត ហើយចំពោះដំណើរកម្សាន្តរបស់ពលរដ្ឋដ៏ច្រើនបែបនេះ ក៏បានបង្ហាញអំពីភាពជឿជាក់លើរាជរដ្ឋាភិបាល ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ក្រុមអ្នកផ្តល់សេវាទេសចរណ៍បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានធ្វើឱ្យកំពតមានភ្ញៀវមកច្រើន។

    ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ថ្ងៃឈប់សម្រាកនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃកន្លងមកនេះ បាននាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជា។ ហើយក្នុងនោះខេត្តកំពតទទួលបានភ្ញៀវមកសម្រាកលម្ហែសរុបចំនួន ១៩៥.៦៩១នាក់ មានកើនឡើង៥០.៩៧% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១.៤៨៧នាក់។ លោកថាវត្តមានភ្ញៀវដ៏ច្រើនបែបនេះ ក៏បានបង្ហាញអំពីភាពជឿជាក់ និងសប្បាយរីករាយរបស់ពលរដ្ឋ ក្រោយពេលរាជរដ្ឋភិបាលបានដោះស្រាយបញ្ហាព្រំដែនឱ្យមានភាពល្អប្រសើរ ក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

    លោកប្រធានមន្ទីរបានបន្តថា សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ សេវាស្នាក់នៅពុំមានសល់បន្ទប់នោះទេ ហើយការផ្តល់សេវាកម្មនានាក៏ពុំមានការតម្លើងថ្លៃគួរឱ្យកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងនោះចំពោះស្ថានភាពទូទៅនៅតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាក្នុងខេត្ត ពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯបញ្ហាកកស្ទះ ក៏មិនមានការកកស្ទះយូរដែរ ដោយសារតែមានការសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗក្នុងក្រុង ពីសំណាក់កងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត ក្នុងរយៈពេល ៣ថ្ងៃពេញ។

    ចំណែកអ្នកផ្តល់សេវាទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនេះ កន្លែងពួកគាត់ពេញអស់ និងសូមអធ្យាស្រ័យចំពោះភ្ញៀវដែលមិនបានទទួលសេវារបស់ពួកគាត់ ឬមានការខ្វះចន្លោះត្រង់ណាមួយ ដោយសារចំនួនភ្ញៀវសម្រុកមកច្រើនពេក។ ទន្ទឹមនឹងនោះពួកគាត់ក៏បានថ្លែអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានខិតខំរៀបចំខេត្ត បានល្អគ្រប់ជ្រុងជ្រោយ ទាំងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការរៀបចំតុបតែងលម្អ និងការបង្កើតសមិទ្ធផលថ្មីប្លែកៗសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

    ទោះជាយ៉ាងណាក៏ដោយ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ សុទ្ធតែរំពឹងថា ខេត្តកំពតក្រោមការដឹកនាំងរបស់ឯកឧត្តម ម៉ៅ ធនិន នឹងមានសមិទ្ធផលទេសចរណ៍ថ្មីល្អឯក លេចចេញជារូបរាងជាបន្តបន្ទាប់ទៀត ដែលនៅពេលខាងមុខដ៏ខ្លីនេះ ស្ពានវាងក្រុងដែលបំពាក់ដោយកង្ហារដ៏ធំ និងមានវ៉េរ៉ងដាសម្រាប់គយគន់ទេសភាពសមុទ្រ និងជើងភ្នំបូកគោនឹងចាប់ផ្តើមបុកគ្រឹះសាងសង់ ហើយរយៈពេលសាងសង់គឺត្រឹមតែ ១២ខែប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: