ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

    BY SOMATEY November 14, 2025
    កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

    យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតអំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

    ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះ។

    ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត តាមរយៈការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍, ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ, ការរៀបចំ FAM Trip ជាដើម។

    ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រី្តទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងឧត្តុង្គឧត្តមដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងចូលរួមអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ឯកឧត្តមរដ្ឋមន្រ្តី និងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិនាពេលនេះ។

    ឆ្លៀតក្នុងឱកាសនៃជំនួបប្រកបដោយភារតភាព និងអត្ថន័យជ្រាលជ្រៅ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីតមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗ នេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: