ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ ពាក្យប្រមាថមួយចំនួនទុកឱ្យអ្នកឯងប្រមាថទៅ យើងមិនអួតអាងអ្វីទាំងអស់ ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួនរបស់យើង

    BY SOMATEY November 17, 2025
    សម្តេចតេជោ ហ៊ុន សែន៖ ពាក្យប្រមាថមួយចំនួនទុកឱ្យអ្នកឯងប្រមាថទៅ យើងមិនអួតអាងអ្វីទាំងអស់ ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួនរបស់យើង

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ទាក់ទងទៅនឹងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ពាក្យប្រមាថមួយចំនួនទុកឱ្យអ្នកឯងប្រមាថទៅ យើងមិនអួតអាងអ្វីទាំងអស់ ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួនរបស់យើង»។ សម្តេចតេជោបានលើកឡើងថា បញ្ហានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យកន្លងទៅគេចង់ឱ្យយើងផ្ទុះអាវុធ តែបើយើងផ្ទុះអាវុធនោះតើលទ្ធផលវានឹងចេញមកយ៉ាងម៉េច សូមជួយឆ្លើយផងមើល។ គេកំពុងតែញោះឱ្យយើងដើម្បីផ្ទុះអាវុធ ដោយផុតពីរឿងមួយ ចូលដល់រឿងមួយ សូម្បីតែជំពាមកៅស៊ូក៏គេបាញ់ដែរ តែខាងរាជរដ្ឋាភិបាលយើងបានណែនាំកងទ័ពមិនឱ្យតបតទេ ព្រោះវាបានដើរដល់ដំណាក់កាលនៃបទឈប់បាញ់ដែលត្រូវគោរព ព្រមទាំងសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលមានទាំងម៉ាឡេស៊ី មានទាំងសហរដ្ឋអាមេរិក ហើយក៏មានទាំងចិន និងពិភពលោកបានដឹងឮ។ ការថ្លែងបញ្ជាក់របស់សម្តេចប្រធានព្រឹទ្ធសភាយ៉ាងដូច្នេះ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេកំពុងតែសម្លឹងមើល បើយើងឆ្លងឆ្លើយហួសហេតុ គឺវាក្លាយទៅជាជម្លោះពាក្យសម្តី ហើយអ៊ីចឹងទេយើងស្ងាត់ តែមិនស្ងៀម។ សម្តេចតេជោបានលើកឡើងថា សម្តេចទទួលស្គាល់ថា យើងមានការភ្លេចភ្លាំង ដែលយើងមិនបានបំពាក់អាវក្រោះឱ្យកងទ័ព ប៉ុន្តែឥឡូវនេះវាលើសពីការគ្រប់គ្រាន់ទៅហើយ នេះក៏ជាវិស័យការពារជាតិមួយដែរ ដែលយើងបានធ្វើដោយស្ងាត់ស្ងៀម ហើយបន្តិចទៀតយើងនឹងមានម៉ាកមួយឈ្មោះថា DSS ផលិតសម្រាប់បំពាក់ឱ្យកងទ័ព ហើយអាចនាំចេញថែមទៀត។

    ចំពោះការលើកឡើងរបស់សាធារណមតិពីករណីដែលទាហានថៃបានបាញ់ប្រហារមកលើអ្នកភូមិព្រៃចាន់ ដែលបានបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ដែលថាហេតុអ្វី យើងនៅស្ងៀមនោះ សម្តេចតេជោប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្តេចសូមសួរត្រឡប់ទៅវិញថាបើសិនជាយើងផ្ទុះអាវុធនៅពេលនោះ តើមានមនុស្សស្លាប់ត្រឹមតែម្នាក់ និងរបួស៣នាក់នោះទេ គឺវាទៅលើសពីនោះ ដោយខាងថៃក៏ត្រូវស្លាប់ អាចច្រើន ឯយើងក៏ត្រូវស្លាប់មកដល់ស៊ីសុផុននោះ។ សម្ដេចតេជោបានបញ្ជាក់ថា៖ «ត្រូវនិយាយគ្នា ឱ្យច្បាស់កន្លែងហ្នឹង យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្តែវ៉ៃទៅវាបានផលមកវិញយ៉ាងម៉េច? វាបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាព តើវាគួរដែរទេ? ពួកអ្នកឯងនិយាយបានតែនៅខាងក្រៅទេ ប៉ុន្តែសូមសួរថាពួកអ្នកឯងបានថ្កោលទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់ និងរបួសហើយឬនៅ ដែលយើងត្រូវតែបញ្ជាក់ពីចំណុចនេះឱ្យបានច្បាស់»៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: