ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើការនៅថៃ ក្នុងករណីចង់វិលត្រឡប់មកកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម

    BY SOMATEY November 17, 2025
    ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើការនៅថៃ ក្នុងករណីចង់វិលត្រឡប់មកកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម

    បន្ទាយមានជ័យ ៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងធ្វើការងារនៅប្រទេសថៃ ក្នុងករណីចង់វិលត្រឡប់មកកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម និងជូនដំណឹងដល់ក្រុមគ្រួសារឲ្យបានដឹងផងដែរ។

    ការអំពាវនាវរបស់ ប្រមុខក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសជូនអ្នកសារព័ត៌មាន ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃរំលោភរាងកាយយុវតីខ្មែរ និងស្ថានភាពជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

    បើតាម ប្រមុខក្រសួងមហាផ្ទៃ, បច្ចុប្បន្ននេះ សុខភាពប្អូនស្រី មានភាពល្អប្រសើរជាងមុនបន្ដិច បើធៀបនឹងម្សិលមិញប្អូនស្រី បានបាត់បង់នូវការចង់ចាំមួយចំនួន។

    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមឲ្យមកជាក្រុម ហើយកុំឲ្យបែកគ្នាឲ្យសោះ ហើយជាពិសេស គឺត្រូវផ្ដល់ព័ត៌មាន ឲ្យអ្នកផ្ទះឲ្យបានដឹងមុខថា ខ្ញុំ នឹងមកថ្ងៃណាៗ។ បើមានព្រឹត្តិការណ៍ណាមួយខុសប្រក្រត្រី សុំឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ»។

    ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមថា «យើងកំពុងរហ័សដៃរហ័សជើង ដើម្បីធ្វើការងារនេះបង្ហាញលើឆាកអន្ដរជាតិ ខ្ញុំ ហ៊ាននិយាយថា ជាអំពើស្មោគគ្រោក ដែលយើងមិនអាចទទួលយកបាន ក្នុងនាមប្រជាពលរដ្ឋដូចគ្នា»។

    សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រីជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ៕

    Share This Post: