ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាត្រៀមដាក់ដំណើរការ Super App សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន

    BY SOMATEY November 22, 2025
    កម្ពុជាត្រៀមដាក់ដំណើរការ Super App សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន

    យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាម៉ាឌី ប្រផឹធី & ហសភីថលលីធី ឯ.ក និង ATMOSPHERE CORE PRIVATE LIMITED និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបង្ហាញពីគម្រោងវិនិយោគលើផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា ពិសេសការផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អទាក់ទងនឹងការលើកកម្ពស់ទេសចរណ៍ឌីជីថល តាមរយៈការបង្កើត Super App សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ពោលគឺដើម្បីចូលរួមការលើកកម្ពស់វិស័យទេសចរណ៍ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេសឱ្យអញ្ជើញមកវិនិយោគ និងទស្សនានៅកម្ពុជាដ៏បវរនៃយើង។

    ក្នុងកិច្ចជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរកោតសរសើរចំពោះការនាំដៃគូសហការមកពិភាក្សាបន្ថែមទៀតអំពីការអភិវឌ្ឍ និងការវិនិយោគលើវិស័យរមណីយដ្ឋាន សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។

    ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បន្ថែមទៀតទៅកាន់ទីផ្សារសកលលោក ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះគំនិតផ្តួចផ្តើម និងគម្រោងរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និងស្នើសុំឱ្យក្រុមហ៊ុនផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅទូទាំងពិភពលោក ហើយក្រសួងទេសចរណ៍ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កិច្ចសហការជាមួយដៃគូក្រុមហ៊ុនក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍រួមគ្នា និងសហការរៀបចំដំណើរកម្សាន្ត FAM Trip ជាដើម៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: