រយៈពេល៨ខែឆ្នាំនេះ ខេត្តហ្វ៊ូជៀនប្រទេសចិនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន ៦ពាន់លានយន់ កើនឡើង ២៣% បើធៀបនឹងឆ្នាំ ២០២៤
- BY
- soknita
- December 3, 2025
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំនេះ ខេត្តហ្វ៊ូជៀនប្រទេសចិនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន ៦ពាន់លានយន់ កើនឡើង ២៣% បើធៀបនឹងឆ្នាំ ២០២៤។ ខេត្តហ៊្វូជៀននៃសាធារណរដ្ឋប្រជាមានិតចិននិងរាជធានីភ្នំពេញ ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំ នៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀនបាន វិនិយោគទុនច្រើនហើយ នៅរាជធានីភ្នំពេញ។

នេះជាការបង្ហាញឲ្យឃើញក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ រវាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ហ្វាង ឈុន (Huang Chun) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។រាជធានីភ្នំពេញ មានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹង ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយកម្ពុជាបានកំពុងជីកព្រែកហ្វូណន់តេជោ ដែលទំនិញ ទាំងនោះយើងនឹងត្រូវដឹកជញ្ជូនតាមផ្លូវទឹកនេះនាពេលខាងមុខ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុតលើការ វិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់ នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ៣៥ ឆ្នាំចុះ មានប្រមាណជា៦០%ដែលជាកម្លាំង ពលកម្ម យ៉ាងសំខាន់បម្រើលើវិស័យនេះ។ដូច្នេះឯកឧត្ដមស្នើសុំឱ្យ ខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅ រាជធានីភ្នំពេញឲ្យកាន់តែច្រើនបន្ថែមទៀត។ សំរាប់រាជធានីភ្នំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិ សម្រេចក្នុងការវិនិយោគនេះ។
ជាការឆ្លើយតបឯកឧត្តម ហ្វាង ឈុន (Huang Chun) ) ក៏បានលើកឡើងពីស្ថានភាព ភូមិសាស្ត្ររបស់ខេត្តហ្វ៊ូជៀនផងដែរ ដោយឯកឧត្តមបញ្ជាក់ថា៖ ខេត្តហ្វ៊ូជៀន គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រ វែងជាងគេ ដែលមានផ្ទៃដីទំហំ ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន៤២លាន នាក់។សម្រាប់ GDPរបស់ខេត្ត នៅក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ប្រមាណ ៥៧០០ប៊ីលានយន់ ឬស្មើ នឹង ៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល ៤.៨ម៉ឺនយន់ ឬស្មើនឹង ៨០០០ដុល្លារ សហរដ្ឋអាមេរិក។
ឯកឧត្តម ហ្វាង ឈុន បានបន្តថា៖ក្នុងរយៈពេល៨ខែនេះ ខេត្តហ្វ៊ូជៀនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន ៦ពាន់លានយន់ កើនឡើង ២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ្វ៊ូជៀនគឺជាខេត្តមួយដែលឯកឧត្តមប្រធានាធិបតីចិនលោកស៊ី ជិងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ្វ៊ូជៀនក៏ជាខេត្តដែលផលិតនិងនាំរថយន្តអគ្គិសនីចេញ ទៅលក់នៅក្រៅប្រទេស ច្រើនផងដែរ។
ជុំវិញការស្នើសុំឱ្យមានការវិនិយោគនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើន ឯកឧត្តម ហ្វាង ឈុន បានមានប្រសាសន៍ថា ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញ ដូច្នេះឯកឧត្ដម ជំរុញឲ្យវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងកៀរគរអ្នកវិនិយោគទុននៅខេត្តហ្វ៊ូជៀន ឱ្យមក វិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្ដមបញ្ជាក់ថា ក្រុងហ្វ៊ូជៀនបានមករកស៊ីនៅកម្ពុជា មានជាង ១០០ក្រុមហ៊ុន។ ដើម្បីជំរុញឲ្យការ វិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញនិងខេត្តហ្វ៊ូជៀនបានឯកភាពគ្នាថានឹងបង្កើត ឱ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






