ព័ត៌មានជាតិ

ក្រសួងការពារជាតិ ច្រានចោលលើការផ្សាយក្នុងផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ ដែលថា “មានករណីផ្ទុះមី-នចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ និងបានចោទប្រកាន់ថាជាមី-ន ដែលបានដាក់ដោយកម្ពុជា”

BY
soknita
December 3, 2025

(រាជធានីភ្នំពញម)៖ យោទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ បានច្រានចោលលើការផ្សាយក្នុងផ្លូវការរបស់កងទ័ពភូមិភាគទី២ ថៃ ដែលថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

សូមជម្រាបជូនសាធារណជនថា បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ “ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ”។ ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: