ព័ត៌មានជាតិ

លោកជំទាវ ពេជ ចន្ទមុន្នី៖ ស្ត្រីជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន

BY
soknita
December 3, 2025

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការលើកកម្ពស់វិស័យធុរកិច្ចរបស់ស្ត្រី គឺជាកត្តាគន្លឹះដែលជួយជំរុញឱ្យសេដ្ឋកិច្ចជាតិមានកំណើនកើនឡើង។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC)» នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងខណ្ឌដូនពេញ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង»។ លោកជំទាវបានបន្ថែមថា ការលេចចេញជារូបរាងនៃមជ្ឈមណ្ឌលថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍសមត្ថភាពស្ត្រី។

អំពីមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC) មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ដោយផ្តោតលើមុខងារសំខាន់ៗចំនួន ៤ រួមមាន៖

១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី

២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រី

៣. ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍

៤. ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារផលិតផល/សេវាកម្ម ទាំងក្នុងស្រុក តំបន់ និងសកលលោក។

តំណាងសហគ្រិនស្ត្រី បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលនេះ ដោយលើកឡើងថា បច្ចុប្បន្នស្ត្រីមានលទ្ធភាពបង្កើតអាជីវកម្ម និងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរស ដែលខុសពីសម័យមុន។ ការមានមជ្ឈមណ្ឌលនេះ នឹងក្លាយជាកន្លែងផ្តល់ប្រយោជន៍ និងជំនួយស្មារតីបន្ថែមទៀតដល់ស្ត្រីក្នុងការរកស៊ី។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាអាទិភាព ដោយចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: