ព័ត៌មានជាតិ

ក្រសួងការពារជាតិ ច្រានចោលការផ្សាយរបស់កងទ័ពថៃដែលថា «កម្ពុជាចល័តសព្វាវុធធុនធ្ងន់ទៅព្រំដែន» ដោយចាត់ទុកជាព័ត៌មានក្លែងក្លាយដែលមានចេតនាបង្កភាពតានតឹង

BY
SOMATEY
December 8, 2025

(ភ្នំពេញ)៖ យោងតាម ក្រសួងព័ត៍មាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រតិកម្មយ៉ាងខ្លាំង និងបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់ផេកផ្លូវការកងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាបានធ្វើការចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែន។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្រសួងបានកត់សម្គាល់ឃើញសកម្មភាពរបស់ផេកផ្លូវការកងទ័ពភូមិភាគទី១ របស់ថៃ បានផ្សព្វផ្សាយព័ត៌មានដែលខុសពីការពិតទាំងស្រុង។ ការផ្សាយនោះត្រូវបានសារព័ត៌មានថៃមួយចំនួនយកទៅពន្លាត និងចុះផ្សាយបន្ត ដោយចោទប្រកាន់ថា «កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកទង្វើនេះថាជាចេតនាទុច្ចរិតក្នុងការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ដើម្បីយកធ្វើជាលេសបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នូវការពិតចំនួន ២ចំណុច ដើម្បីបដិសេធការចោទប្រកាន់ខាងលើ៖

១. ការលើកឡើងរបស់ផេកផ្លូវការកងទ័ពភូមិភាគទី១ ថៃ និងសារព័ត៌មានថៃស្តីពីការចល័តអាវុធធុនធ្ងន់របស់កម្ពុជា គឺជា «ព័ត៌មានមិនពិត»។

២. កងកម្លាំងរបស់កម្ពុជា មិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដូចការចោទប្រកាន់នោះឡើយ។

ជាចុងក្រោយ ក្រសួងការពារជាតិកម្ពុជា បានប្រកាសជំហរម៉ឺងម៉ាត់សាជាថ្មី ក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធគ្រប់កម្រិត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងជំរុញឱ្យស្ថានភាពវិលត្រឡប់ទៅរកភាពប្រក្រតីវិញបានឆាប់រហ័ស៕

ប្រភព៖ ក្រសួងព័ត៍មាន

Share This Post: