ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យរៀបចំមណ្ឌលសុវត្ថិភាពជូនជនភៀសសឹកនៅខេត្តព្រះវិហារ

BY
soknita
December 9, 2025

(ខេត្តព្រះវិហារ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារជាថ្មី។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម មានប្រសាសន៍ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់ និងបន្ទាន់ជាទីបំផុតចំពោះការចាត់ចែងរៀបចំមណ្ឌលសុវត្ថិភាពជូនជនភៀសសឹក ដែលបានចាកចេញដោយការបង្ខំចិត្ត បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារតាមបណ្តោយព្រំដែនយ៉ាងកំរោល និងបណ្តាលឱ្យប្រជាជនស្លូតត្រង់ជាច្រើនបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម មានប្រសាសន៍ថា មកទល់ពេលនេះសម្រាប់រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំមណ្ឌលសុវត្ថិភាពតាមទីតាំងដែលមានអំណោយផលសម្រាប់ការស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក។

ក្នុងនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានចាត់ឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរៀបចំរោងស្នាក់នៅ ក៏ដូចជាការផ្គត់ផ្គង់ទឹក ព្រមទាំងអង្ករ និងគ្រឿងឧបភោគ បរិភោគជាច្រើនសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក។

លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់មើលថែរក្សាប្រជាពលរដ្ឋ និងផ្គត់ផ្គង់នូវរាល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសត្រូវត្រួតពិនិត្យស្បៀងអាហារ ដើម្បីកុំឲ្យប្រជាពលរដ្ឋភៀសសឹកមានការខ្វះខាតការទទួលទាន។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕

ប្រភព៖ ក្រសួងព័ត៌នមាន

Share This Post: