តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ ការដោះស្រាយជម្លោះព្រំដែន ត្រូវធ្វើដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា មិនមែនដោយកម្លាំងយោធានោះឡើយ
- BY
- SOMATEY
- December 16, 2025
យោងតាម ក្រសួងព័ត៍មាន នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី “ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល” នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។

នាឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តម បានជម្រាបជូនគណៈកម្មការកសាងសន្តិភាពអ.ស.ប.ថា កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត រងរបួស និងភៀសសឹក ហើយបានបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអ.ស.ប.។
ទន្ទឹមនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលដែលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានា ក្នុងការដោះស្រាយជម្លោះ។


- Share This Post:






