ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់តាមជុំរំភៀសសឹក
- BY
- soknita
- December 17, 2025
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់តាមជុំរំភៀសសឹក។

ក្នុងនោះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបញ្ជាក់ថា តាមការអនុវត្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុក ត្រូវនាំគ្នាដឹកទឹកចុះចែកដល់ប្រជាពលរដ្ឋនៅតាមជុំរំភៀសសឹក ដែលពួកគាត់បានកំពុងស្នាក់នៅកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់ចំពោះមុខ។
នៅថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ, លោកលោកវរសេនីយ៍ទោ វឹក វើន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប បាននាំយករថយន្តដឹកទឹក ចំនួន ២គ្រឿង ចុះចែកទឹកដល់ ជនភៀសសឹកប្រើប្រាស់ ចំនួន ២ស្រុក ក្រុង ១ រួមមាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកភ្នំស្រុក។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ព្រោះក្រុង/ស្រុកមួយចំនួនប្រជាពលរដ្ឋកំពុងភៀសសឹក, ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង និង ត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ សម្រាប់ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានករណីអគ្គិភ័យ ឬគ្រោះធម្មជាតិនានាជាយថាហេតុ៕


ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ
- Share This Post:






