យោធាថៃនៅតែបន្តបើកការវា-យប្រហារមកលើកម្ពុជារហូតដល់ព្រឹកថ្ងៃទី ១៧ ខែធ្នូនេះ
- BY
- soknita
- December 17, 2025
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តបើកការវាយប្រហារមកលើកម្ពុជាដែលនាំឱ្យការវាយប្រហារនេះបានឈានចូលថ្ងៃទី១១ហើយ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

លោកជំទាវអ្នកនាំពាក្យបានថ្លែងថា ចាប់តាំងពីមានការវាយប្រហារពីយោធាថៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះបានបណ្តាលឱ្យពលរដ្ឋកម្ពុជាចំនួន១៧នាក់ស្លាប់ ក្នុងនោះក៏មានទារកម្នាក់ផងដែរ និងមានអ្នករងរបួសចំនួន៧៧នាក់។ នេះគឺជាតួលេខគិតត្រឹមថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នៅត្រឹមវេលាម៉ោង ៦ល្ងាច។
លោកជំទាវបានគូសបញ្ជាក់ថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ រួមទាំងការប្រើប្រាស់នូវយន្តហោះចម្បាំង F16 រថយន្តបាញ់រ៉ុកែត DTI 2 ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភបំពានដ៏ច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ ហើយចំពោះសកម្មភាពដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់បែបនេះបានបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ជាថ្មីម្តងទៀតក្រសួងការពារកម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត បញ្ឈប់ការវាយប្រហារដោយមិនរើសអើស និងមិនរើសគោលដៅ ជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រ ដែលមិនត្រឹមជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូល និងសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសទៅជាខ្មៅជាបន្ទាន់។ ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោល៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






