អាជ្ញាធរខេត្តសៀមរាប ត្រៀមដីសម្រាប់ជនភៀសសឹកដាំដំណាំ និងបន្លែ សម្រួលជីវភាពបណ្ដោះអាសន្ន
- BY
- soknita
- December 17, 2025
(ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប ត្រៀមដីសម្រាប់ជនភៀសសឹកដាំដំណាំ និងបន្លែ សម្រួលជីវភាពបណ្ដោះអាសន្ន ។

តាមការណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ឱ្យត្រៀមរៀបចំទីតាំងដី និងស្រះទឹក សម្រាប់បងប្អូនជនភៀសសឹកដាំដំណាំ បន្លែ និងចិញ្ចឹមត្រី ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ បណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រទេសជាតិទទួលរងការឈ្លានពាន។ ក្នុងឱកាសបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំទីតាំងទទួលជនភៀសសឹក លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ ចុះពិនិត្យទីតាំងដីនៅក្នុងបរិវេណវត្ត ដែលជាកន្លែងទទួលជនភៀសសឹក ដើម្បីរៀបចំឱ្យបងប្អូនអាចដាំដំណាំ និងបន្លែផ្សេងៗបាន។
សម្រាប់វត្តណាដែលមិនមានដីគ្រប់គ្រាន់ លោកបានបន្តថា អាជ្ញាធរស្រុកត្រូវពិនិត្យមើលទីតាំង នៅក្បែរវត្តដែលមានប្រភពទឹក ហើយអាជ្ញាធរខេត្ដនឹងចុះទៅចរចាជាមួយម្ចាស់ដី ដើម្បីអនុញ្ញាតឱ្យ ជនភៀសសឹកប្រើប្រាស់ដាំដំណាំបណ្ដោះអាសន្ន។ លោក អ៊ឹង គឹមលាង ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក ពន្លឿនកិច្ចការនេះឱ្យបានឆាប់រហ័ស ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ដ ដែលបានដាក់ចេញ នូវគោលការណ៍ “សមាគមកសិកម្មជនភៀសសឹក” ដោយតម្រូវឱ្យ “វត្តមួយដែលទទួលជនភៀសសឹក ត្រូវមានសួនបន្លែមួយ”។ លោកក៏បានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវសហការជា មួយអាជ្ញាធរស្រុក និងមន្រ្ដីកសិកម្មឃុំនានា ដើម្បីជ្រើសរើសពូជដំណាំឆាប់បានផលដូចជា ត្រកួន ផ្ទី និងស្ពៃ ជាដើម៕


ប្រភព៖ អាជ្ញាធរខេត្តសៀមរាប
- Share This Post:






