ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់ម៉ូតូ ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលដឹកស្បៀងទៅជួរមុខ
- BY
- soknita
- December 17, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់ម៉ូតូ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលចល័តដឹកស្បៀងទៅជួរមុខ។

ដោយមើលឃើញពីស្ថានភាពជាក់ស្ដែង និងភាពចាំបាច់ក្នុងការប្រើប្រាស់ នៅថ្ងៃទីពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័តដឹកស្បៀងទៅជួរមុខ។
ឆ្លើយតបបញ្ហាចំពោះមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានគិតគូធ្វើការបែងចែកស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជាបន្ដបន្ទាប់ដល់កម្លាំងនគរបាល ដែលកំពុងប្រកៀកស្នាគ្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីវាយបណ្ដេញខ្មាំងឈ្លានពានដែលបន្ដមហិច្ឆតាចង់ដណ្ដើមកាន់កាប់ដែនអធិបតេយ្យកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជំនួសមុខឲ្យថ្នាក់ដឹកនាំនគរបាលជាតិទាំងអស់ បានផ្ញើក្ដីនឹករលឹក និងកម្លាំងចិត្តយ៉ាងធំធេងទៅដល់កម្លាំងនគរបាលជួរមុខ ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងបន្ដគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ដល់កម្លាំងជួរមុខ៕




ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
- Share This Post:






