ព័ត៌មានជាតិ

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងមិត្តភាពដែកថែប ឯកភាពលើកកម្ពស់សហគមន៍វាសនារួម និងពិភាក្សាអំពីជម្លោះព្រំដែនកម្ពុជា-ថៃ

BY
SOMATEY
December 19, 2025

(ភ្នំពេញ)៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៩ ខែឆ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា  នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។

ក្នុងអំឡុងពេលនៃការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ក្រៅពីបញ្ហាទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃផងដែរ។ ការសន្ទនានេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិនក៏បានសន្ទនាជាមួយសមភាគីថៃផងដែរ ដើម្បីអំពាវនាវឱ្យប្រទេសទាំងពីរបញ្ឈប់ការប៉ះទង្គិចគ្នា និងប្រកាសដើរតួជាអ្នកសម្របសម្រួល។

Share This Post: