ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីមធ្យោបាយល្អនានា ឆ្ពោះទៅការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង

    BY Nisaiy KN December 21, 2025
    ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីមធ្យោបាយល្អនានា ឆ្ពោះទៅការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង

    យោងតាមការចុះផ្សាយរបស់ ភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានប្រសាសន៍ថា៖ “ខ្ញុំមានឱកាសបានភ្ជាប់ទំនាក់ទំនង និងសន្ទនា ជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ អានុទីន ដើម្បីផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីមធ្យោបាយល្អនានាសំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសទាំងពីរ”។

    ឯកឧត្តមនាយករដ្ឋមន្ត្រី អានវ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងដូច្នេះនៅលើគណនីផ្លូវការរបស់ឯកឧត្តម នាព្រឹកថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៥នេះ។

    បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ដែលត្រូវចូលរួមក្នុងស្មារតីសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីបិទបញ្ចប់ភាពតានតឹង ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

    ឯកឧត្តម បានបន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទខាងមុខនេះ នេះគឺជាឱកាស និងវេទិកាប្រកបដោយលក្ខណៈស្ថាបនាមួយដើម្បីអាចឱ្យប្រទេសកម្ពុជា និងថៃ ចរចាគ្នាដោយបើកចំហ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង៕

    ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

    Share This Post: