កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃស្អែក នឹងផ្តោតទៅលើស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ
- BY
- Nisaiy KN
- December 21, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា “កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នៅប្រទេសម៉ាឡេស៊ី នឹងផ្តោតទៅលើស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ “ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួរ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥។ កិច្ចប្រជុំពិសេសនឹងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Dato’ Seri Utama Haji Mohamad bin Haji Hasan”។
កិច្ចប្រជុំនៅថ្ងៃស្អែក នឹងផ្តល់វេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ និងដើម្បីពិចារណាលើជំហានដែលអាចធ្វើទៅបានដែលអាស៊ានអាចអនុវត្តក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តឆ្ពោះទៅរកការបន្ធូរបន្ថយ និងការបញ្ឈប់អរិភាព ដើម្បីផលប្រយោជន៍សន្តិភាព និងស្ថិរភាពរវាងរដ្ឋសមាជិកអាស៊ានទាំងពីរ និងតំបន់ទាំងមូល។
បន្ថែមពីលើនេះ ការរៀបចំកិច្ចប្រជុំពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានចំពោះឯកភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាអព្យាក្រឹត្យភាពរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន ស្របតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
សេចក្តីប្រកាសព័ត៌មាន បានបន្ថែមផងដែរថា៖ “ក្នុងឋានៈជាប្រធានអាស៊ាន ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនាក្នុងស្មារតីអាស៊ាន ហើយក្នុងន័យនេះ គឺសម្របសម្រួលភាគីទាំងពីរក្នុងការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ទំនាក់ទំនងជាអ្នកជិតខាងល្អ និងការរួមរស់ដោយសន្តិភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព យុត្តិធម៌ និងយូរអង្វែងចំពោះជម្លោះណាមួយ”។
សូមរម្លឹកថា ទាហានថៃបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែក ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះ F-16 លើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាក្នុងដែនអធិបតេយ្យភាពកម្ពុជាជាច្រើនកន្លែង រួមមាន វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន។ល។ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ ព្រមទាំងរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនយ៉ាងធ្ងន់ធ្ងរ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






