PR

ធនាគារ វីង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ នាំយកអំណោយសប្បុរសធម៌ចំនួន ១១ រថយន្ត ចែកជូនដល់ជនភៀសសឹក

BY
Liny01
December 22, 2025

មូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគ ដើម្បីជួយសង្គ្រោះដល់គ្រួសាររាប់ពាន់ដែលកំពុងត្រូវការជំនួយជាបន្ទាន់ នៅតាមតំបន់ព្រំដែន។


ក្បួនរថយន្តដឹកជំនួយចំនួន ១១ គ្រឿង ផ្ទុកដោយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ បានចេញដំណើរពីអគារធនាគារវីងថៅវើ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។

រថយន្ត ទាំងនេះ មានផ្ទុក នូវ អង្ករចំនួន ៣០ តោន មីចំនួន ២.០០០ កេស ព្រមទាំងកញ្ចប់ ចំនួន ៣.០០០ ដោយ កញ្ចប់នីមួយៗមាននូវ មុង ភួយ កន្ទេល ក្រមា និងសារ៉ុង ហើយ បន្ថែមពីនេះ ក៏មាននូវ របស់របរ ប្រើប្រាស់ចាំបាច់ផ្សេងៗទៀតសម្រាប់តម្រូវ ការ ប្រចាំថ្ងៃ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានបង្ហាញនូវក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ដល់ប្រជាជន ដែលកំពុង ខ្វះខាត។ រាល់ការចូលរួមបរិច្ចាគ មិនថាស្ថិតក្នុងរូបភាពណាក៏ដោយ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមគ្រួសារដែលកំពុងភៀសសឹក។ យើងប្រឹងប្រែងដើម្បីខ្មែរ យើងមិនបោះបង់ចោល គ្នានោះ ឡើយ។»

គំនិតផ្ដួចផ្ដើមនេះ ត្រូវ បាន ដឹកនាំ ដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធាន ក្រុម ប្រឹក្សា ភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុគ្គលិកនៃធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំងសមាជិកនៃសមាគមសិល្បករខ្មែរ បានរួមគ្នាយ៉ាងសកម្មក្នុងការកៀរគរថវិកា និងរៀបចំជំនួយសប្បុរសធម៌ដាក់ក្នុងរថយន្ត ដើម្បីធានានូវការដឹកជញ្ជូនឱ្យ បានទាន់ពេលវេលាដល់ដៃប្រជាជន ដែលកំពុងខ្វះខាត ។ ទន្ទឹមនឹងនេះ បុគ្គលិកធនាគារ វីង ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាពយ៉ាងមោះមុត តាមរយៈការបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន ៥% ដែលនេះគឺជាការរួមចំណែកលើកទី៣ បន្ទាប់ ពីជម្លោះព្រំដែនបានផ្ទុះឡើងនៅពាក់កណ្ដាលឆ្នាំ ២០២៥។ ការបរិច្ចាគ ប្រាក់បៀវត្សរ៍លើកទី១ ត្រូវ បានធ្វើឡើងកាលពីខែមិថុនា ហើយ ការបរិច្ចាគ ប្រាក់បៀវត្សរ៍លើកទី២ ត្រូវ បាន ធ្វើ ឡើង ក្នុងខែសីហា។

ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំង សមាគមសិល្បករខ្មែរ នឹងបន្តចែក ជូន នូវ ជំនួយ សប្បុរសធម៌របស់ខ្លួនបន្ថែមទៀតនាពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ មូលនិធិទ្រទ្រង់ជនភៀសសឹក នៅតែបន្តទទួល រាល់ការបរិច្ចាគពីសប្បុរសជនគ្រប់ទិសទី ដើម្បី រួម គ្នា គាំទ្រ ដល់ គ្រួសារ ជន ភៀសសឹក នៅ តាម បណ្ដោយ ព្រំដែន។ សប្បុរសជន អា ច ចូលរួមបរិច្ចាគបាននូវស្តង់ទទួលជំនួយក្បែរផ្សារបាយ័ន (ខាងលិចផ្សារធំថ្មី) នៅ ការិយាល័យកណ្ដាលក្រុមហ៊ុនសែលកាត (Cellcard) ឬតាមរយៈការស្កេន QR Code ពី គ្រប់ អេប ធនាគារ ទាំង អស់ ៕

Share This Post: