PR

តើអ្នកដឹងទេថាក្រុមហ៊ុនរថយន្តមួយចំនួនកំពុងប្រើប្រាស់ម៉ាកយីហោផ្សេងគ្នាក្រោមបច្ចេកវិទ្យានិងគ្រឿងបង្គំរូបរាងតែមួយរួមគ្នា ឬ គេហៅថាការចែករំលែកធនធានបច្ចេកវិទ្យារួមគ្នា?

BY
Liny01
December 23, 2025


បច្ចុប្បន្ននេះ មានក្រុមហ៊ុនរថយន្តជាច្រើនកំពុងត្រូបានប្រើប្រាស់ម៉ាកយីហោផ្សេងគ្នាក្រោមបច្ចេកវិទ្យានិងគ្រឿងបង្គំតួរថយន្តតែមួយរួមគ្នា ឬ ហៅថា Global Car Brand Sharing Platforms ព្រោះវាជួយឱ្យពួកគេអាចអភិវឌ្ឍន៍រថយន្តថ្មីៗ ដើម្បីប្រកួតប្រជែងទាន់សម័យកាល និង បន្តច្នៃប្រឌិតក្នុងឧស្សាហកម្មយានយន្ត។ ការប្រើប្រាស់ម៉ាកយីហោផ្សេងគ្នាក្រោមបច្ចេកវិទ្យានិងគ្រឿងបង្គំតួរថយន្តតែមួយ គឺជាប្រើប្រាស់នូវប្រព័ន្ធឌីជីថលប្រកបដោយភាពច្នៃប្រឌិតរួមគ្នាដែលអនុញ្ញាតឱ្យម៉ាកយីហោរថយន្តផ្សេងៗ ឬ អាជីវកម្មមកពីជុំវិញពិភពលោកអាចភ្ជាប់ទំនាក់ទំនង សហការ និង ចែករំលែកនូវធនធានបច្ចេកវិទ្យាជាមួយគ្នាបាន។ តាមរយៈការទាញយកអត្ថប្រយោជន៍ពីការចែករំលែកធនធានបច្ចេកវិទ្យារួមគ្នា គឺអនុញ្ញាតឱ្យម៉ាកយីហោរថយន្តនីមួយៗបង្ហាញពីផលិតផលរបស់ពួកគេទៅកាន់អ្នកប្រើប្រាស់បានកាន់តែទូលំទូលាយ, ទទួលបានការវិភាគទីផ្សារដ៏ឆ្លាតវៃ, អាចផ្តល់នូវរថយន្តមានតម្លៃសមរម្យ និង អាចចូលដំណើរការនូវបណ្តាញទំនាក់ទំនងចម្រុះនានាដែលអាចជួយពន្លឿនការរីកចម្រើន និង ការអភិវឌ្ឍន៏បានកាន់តែលេចធ្លោ។
 
ខណៈដែលការទាញយកអត្ថប្រយោជន៍ពីការចែករំលែកធនធានបច្ចេកវិទ្យារួមគ្នាបានធ្វើឱ្យរីកចម្រើនឆាប់រហ័សនៅលើទីផ្សារក៏ពិតមែន ក៏ប៉ុន្តែវាក៏មានគុណវិបត្តិច្រើនសម្រាប់អ្នកប្រើប្រាស់ផងដែរដូចជា ហានិភ័យក្នុងការបាត់បង់អត្តសញ្ញាណម៉ាកយីហោរថយន្តដែលកំពុងប្រើប្រាស់, អ្នកប្រើប្រាស់មានមានអារម្មណ៍ថារថយន្តស្រដៀងគ្នាជាមួយម៉ាករថយន្តផ្សេងដែលបានសហការណ៏គ្នា ដែលកាត់បន្ថយភាពលេចធ្លោនិងភាពឯកត្តភាព។ ម៉្យាងវិញទៀត វាអាចមានការបាត់បង់តម្លៃនៃម៉ាកយីហោរថយន្ត ជាពិសេសសម្រាប់ម៉ាកយីហោធំៗល្បីៗ ដោយសារតែអតិថិជនមានអារម្មណ៍ថា រថយន្តដូចគ្នាគ្រាន់តែផ្លាស់ប្ដូរឡូហ្គោពីម៉ូដែលរថយន្តដែលមានតម្លៃទាប។ លើសពីនេះទៅទៀត ការប្រើប្រាស់ម៉ាកយីហោផ្សេងគ្នាក្រោមបច្ចេកទេសនិងគ្រឿងបង្គំរូបរាងតែមួយរួមគ្នា គឺមានដែនកំណត់លើការកែច្នៃរចនាបទរូបរាងរថយន្តទាំងរូបរាងខាងក្រៅនិងផ្នែកខាងក្នុង និង សមត្ថភាពនៃដំណើរការបើកបររបស់រថយន្តនីមួយៗផងដែរ។
 
តើអ្នកដឹងទេថាម៉ាករថយន្តណាខ្លះដែលកំពុងសហការណ៏និងចែករំលែកធនធានបច្ចេកវិទ្យារួមគ្នាក្រោមម៉ាកយីហោផ្សេងគ្នា?
• Toyota និង Daihatsu
ក្រុមហ៊ុន Daihatsu បានដំណើរការក្រោម group នៃក្រុមហ៊ុន Toyota ដោយផ្តោតលើរថយន្តខ្នាតតូច និង មានតម្លៃសមរម្យ ដូចជា៖ រថយន្ត Toyota Raize គឺដូចគ្នាជាមួយ Daihatsu Rocky ហើយ Toyota Wigo ដូចគ្នាជាមួយ Daihatsu Ayla ដែលបានសហការណ៏និងចែករំលែកធនធានបច្ចេកទេសរួមគ្នាក្រោមម៉ាកយីហោផ្សេងគ្នា។

• Chevrolet Groove និង Wuling Alvez Xingchi
រថយន្តទាំងពីរនេះត្រូវបានអភិវឌ្ឍលើការប្រើប្រាស់ម៉ាកយីហោផ្សេងគ្នា ប៉ុន្តែមានបច្ចេកទេសនិងគ្រឿងបង្គំនៃរូបរាងប្រហាក់ប្រហែលគ្នា ក្រោមភាពជាដៃគូរបស់ក្រុមហ៊ុន SAIC GM Wuling ដោយមានការប្រើប្រាស់យីហោខុសគ្នាអាស្រ័យទៅលើទីផ្សារផ្សេងៗ។

• Chevrolet Captiva និង Wuling Almaz
រថយន្តទាំងពីរម៉ូឌែលនេះក៏មានមូលដ្ឋានគ្រឹះឬសគល់នៃការអភិវឌ្ឍន៍រួមគ្នា ដោយផ្តល់ជូននូវវិស្វកម្មស្នូលស្រដៀងគ្នា។

GTV និង Kaiyi
ក្រុមហ៊ុន GTV បានប្រើប្រាស់នូវតួរថយន្ត Kaiyi ដើម្បីជាផ្នែកមួយនៃរថយន្តរបស់ខ្លួន ក្រោមក្រុមហ៊ុន GTV Motor ដែលមានម៉ូឌែលមួយចំនួនដែលមានលក់នៅក្នុងប្រទេសកម្ពុជា ដូចជា GTV Kain និង GTV Soben ដែលផ្អែកលើរថយន្តដែលផលិតដោយក្រុមហ៊ុន Kaiyi Auto។ ឧទាហរណ៍ GTV Kain ដូចគ្នាទៅនឹងរថយន្ត SUV ខ្នាតតូចរបស់ Kaiyi Kunlun (ហៅកាត់ថា Kaiyi X7)។

សរុបមក ក្រុមហ៊ុន Toyota និង Daihatsu បានបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងភាពដែលអាចទុកចិត្តបាន និង ការប្រើប្រាស់បច្ចេកទេសរួមគ្នា។ ចំណែក Chevrolet & Wuling និង GTV & Kaiyi ក៏បានបង្ហាញពីរបៀបដែលពួកគេបានសហការណ៏និងប្រើប្រាស់បច្ចេកវិទ្យារួមគ្នា ដើម្បីអាចផ្តល់នូវរថយន្តតម្លៃទាបដោយអាស្រ័យលើយុទ្ធសាស្ត្រនៃម៉ាកយីហោផ្សេងគ្នា និងលក្ខណៈពិសេសផ្សេងៗគ្នាតាមទីផ្សារនីមួយៗ។ ភាពជាដៃគូរនេះបានបង្ហាញពីរបៀបដែលក្រុមហ៊ុនផលិតរថយន្តអន្តរជាតិបានចែករំលែកនិងសហកាណ៏ប្រើប្រាស់បច្ចេកវិទ្យារួមគ្នា ដើម្បីបង្កើនប្រសិទ្ធភាពថ្លៃដើម ប្រសិទ្ធភាពលើទីផ្សារ និង ការឈានដល់ការពង្រីកទីផ្សារអន្តរជាតិ ខណៈដែលពួកគេអាចរក្សាបាននូវអត្តសញ្ញាណម៉ាកយីហោផ្សេងគ្នា ដោយគ្រាន់តែប្តូរឈ្មោះ ឬ ឡូហ្គោឱ្យស្របទៅតាមទីផ្សារផ្សេងៗគ្នា៕

Share This Post: