ធនាគារ វីង គាំទ្រកម្មវិធីរត់ដើម្បីមូលនិធិគន្ធបុប្ផា
- BY
- Liny01
- December 23, 2025
បរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ
សួនអេកូ ផាក បានប្រែក្លាយជាទីកន្លែងដ៏អ៊ូអរមួយ ខណៈដែលប្រជាពលរដ្ឋដែលរស់នៅទីនោះ ក្រុមគ្រួសារជាច្រើន បុគ្គលិករបស់ស្ថាប័ននានា ព្រមទាំងអ្នករត់ជាង ១.៤០០ នាក់ បានជួបជុំគ្នាយ៉ាងច្រើនកុះករ ក្នុងកម្មវិធី «៣០០០ ជំហានសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា»។

រៀបចំឡើងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងមានធនាគារ វីង ជាអ្នកគាំទ្រដ៏សំខាន់មួយនោះ យុទ្ធនាការប្រចាំឆ្នាំនេះបានប្រមូលផ្តុំប្រជាជនដើម្បីបំពេញបេសកកម្មរួមគ្នាមួយ គឺការលើកកម្ពស់ការថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ និងផ្សព្វផ្សាយស្មារតីសប្បុរសធម៌ឱ្យកាន់តែទូលំទូលាយក្នុងសង្គម។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «កុមារគ្រប់រូបសមនឹងទទួលបានឱកាសរីកចម្រើនធំធាត់ដោយមានសុខភាពល្អ។ នៅធនាគារ វីង យើងតែងតែគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលជួយឱ្យកុមារទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ ព្រោះថាកុមារមានសុខភាពល្អមានន័យថាអនាគតនៃប្រទេសកម្ពុជាក៏កាន់តែរឹងមាំផងដែរ»។
បន្ទាប់ពីសំឡេងកញ្ចែបានបន្លឺឡើង អ្នករត់ដែលអ្នកខ្លះចូលរួមជាលក្ខណៈក្រុមគ្រួសារ បានចាប់ផ្ដើមចេញដំណើរប្រកបដោយស្នាមញញឹមនាពេលល្ងាចនៃថ្ងៃចុងសប្តាហ៍ដែលមានខ្យល់បក់រំភើយ។ រាល់ជំហានដែលពួកគេបានបោះទៅមុខ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យ ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមាររបស់មន្ទីរពេទ្យគន្ធបុប្ផា។

ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះអាយុជីវិតកុមារជាច្រើននាក់ ។ ជាក់ស្តែង ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ មន្ទីរពេទ្យបានផ្តល់ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួនជាង៥០៣.០០០ នាក់ ទទួលកុមារចូលសម្រាកព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរចំនួនជាង ៩៦.០០០ នាក់ ធ្វើការវះកាត់ចំនួនជាង ១៦.០០០ នាក់ និងផ្តល់សេវាសម្ភពបានជិត ៩.៥០០ នាក់ ហើយនេះបានសរបញ្ជាក់ថា ការចូលរួមគាំទ្រពីសាធារណជនចំពោះមន្ទីរពេទ្យនេះ ពិតជាមានសារសំខាន់ចំពោះជីវិតនៃក្រុមគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានស្ត្រីមានផ្ទៃពោះ និងកុមារសរុបចំនួន ២៩៥ នាក់ មកពីគ្រួសារភៀសសឹកដោយសារជម្លោះព្រំដែន និងគ្រួសាររបស់យុទ្ធជនដែលកំពុងឈរជើងការពារមាតុភូមិ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ក្នុងនោះ រួមមានស្ត្រីមានផ្ទៃពោះចំនួន ៨៧ នាក់ ដែលត្រៀមសម្រាលបុត្រ និងកុមារចំនួន ២០៦ នាក់។
សាធារណជន ដែលចង់ចូលរួមគាំទ្រសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារកម្ពុជា អាចបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា បានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank។ ដើម្បីបរិច្ចាគ សូមចូលទៅកាន់មុខងារ “ទូទាត់វិក្កយបត្រ” រួចចុចលើ “អំណោយនិងសប្បុរសធម៌” និងជ្រើសរើស “Cambodia Kantha Bopha Foundation”។ វិភាគទានទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារនៅទូទាំងប្រទេស។

- Share This Post:






