ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញក្រុមការងារពន្លឿនរៀបចំជម្រកចល័ត ដើម្បីឱ្យជនភៀសសឹកចាស់ជរា កុមារ និងស្រ្តីទទួលបានជម្រកសមរម្យ

    BY SOMATEY December 24, 2025
    ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញក្រុមការងារពន្លឿនរៀបចំជម្រកចល័ត ដើម្បីឱ្យជនភៀសសឹកចាស់ជរា កុមារ និងស្រ្តីទទួលបានជម្រកសមរម្យ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពរៀបចំជម្រកចល័តនៅមណ្ឌលសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ។

    តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជុំវិញសុខទុក្ខជនភៀសសឹក គឺត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុវត្ថិភាព និងធានាដល់ការឧបត្ថម្ភស្បៀង គ្រឿងឧបភោគ បរិភោគ។

    ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល ពិនិត្យឃើញថា ដោយសារកត្តាកំណើនភៀសសឹកបានកើនរហូតមានចំនួនសរុបប្រមាណជិត ៦០ម៉ឺននាក់ គឺចាំបាច់ត្រូវដោះស្រាយពីជម្រកចល័តនៅមណ្ឌលសុវត្ថិភាព។

    ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ នឹងអាចទទួលជនភៀសសឹកច្រើនគ្រួសារដែលអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារច្រើនផងដែរ។

    អំឡុងចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញក្រុមការងារពន្លឿនការរៀបចំជម្រកចល័តឱ្យបានលឿនបំផុត ដើម្បីអាចឱ្យពលរដ្ឋភៀសសឹកចាស់ជរា កុមារ និងស្រ្តីមានផ្ទៃពោះ បានស្នាក់នៅ ក្រោមការយកចិត្តទុលដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។

    បន្ទាប់ពីចុះពិនិត្យរៀបចំជម្រកចល័ត, ឯកឧត្តម ទេសរដ្ឋមន្រ្តី បានឆ្លៀតចុះសួរសុខទុក្ខ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕

    Share This Post: