កម្ពុជា-បារាំង បន្តពិភាក្សាលើដំណើរការសន្តិភាព ខណៈបារាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមផ្លូវការទូត
- BY
- SOMATEY
- December 24, 2025
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំង ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេស នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីស្ថានការណ៍វិវត្តន៍ចុងក្រោយ និងដំណើរការសន្តិភាពរវាងកម្ពុជា និងថៃ។

នៅក្នុងកិច្ចសន្ទនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាធារណរដ្ឋបារាំង ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់ដំណើរការសន្តិភាព ជាពិសេសការគាំទ្រលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
ទន្ទឹមនឹងនេះ ប្រមុខការទូតកម្ពុជា បានលើកឡើងដោយក្តីបារម្ភអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជម្លោះនេះមកលើស្ថានភាពមនុស្សធម៌។ ឯកឧត្តមបានគូសបញ្ជាក់ថា អរិភាពដែលបានកើតឡើងបានបង្ខំឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ចេញពីតំបន់រងគ្រោះ និងបានបណ្តាលឱ្យមានការខូចខាតដល់តំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានសម្តែងការគាំទ្រ និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២២ ខែធ្នូ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបារាំង បានចាត់ទុកការប្រកាសចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាដោះស្រាយជម្លោះព្រំដែន ថាជាជំហានវិជ្ជមានមួយ។
ជាមួយគ្នានេះ ភាគីបារាំងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ។ ឯកឧត្តម Jean-Noël BARROT ក៏បានបញ្ជាក់ពីជំហររបស់បារាំងក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលដឹកនាំដោយ ប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការទូត។
ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕



- Share This Post:






