ព័ត៌មានជាតិ

ថ្ងៃនេះកិច្ចប្រជុំត្រីភាគី (កម្ពុជា ថៃ ចិន) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីសំណាក់ភាគីចិន

BY
Nisaiy KN
December 28, 2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងងញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តីប្រាសព័ត៌មានក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។

ប្រភពដដែល បានបន្តថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។

តាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: