រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ
- BY
- Nisaiy KN
- December 28, 2025
យោងតាមការចុះផ្សាយរបស់ ភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិកផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា “យើងក៏សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ”។
សូមរម្លឹកថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕
ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






