ព័ត៌មានជាតិ

គម្រោងវិនិយោគចំនួន៤១២ ក្នុងខេត្តព្រះសីហនុទទួល គោលការណ៍លើកទឹកចិត្តពិសេស

BY
Nisaiy KN
December 28, 2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខណៈឆ្នាំ២០២៥ ហៀបនឹងបញ្ចប់ ក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ បានបង្ហាញថា​រយៈពេលពីរឆ្នាំ គឺ​ឆ្នាំ២០២៤-ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្ដល់ការ​លើកទឹកចិត្ត ការអនុគ្រោះ ការសម្រួល​នីតិវិធី និង ការ​សម្របសម្រួលដោះស្រាយវិវាទចំនួន ៤១២ គម្រោង ជាមួយ ទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារ​​អាម៉េ​រិក ដោយ អាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង ។ នេះបើយោង តាមលទ្ធផលនៃកិច្ច​ប្រជុំបូក​សរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥។

នៅក្រុងព្រះសីហនុ ក្នុងសប្ដាហ៍នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុម ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូក សរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ ដោយមានការចូលរួម ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានបង្ហាញថា ក្នុងឆ្នាំ ២០២៥ ក្រុមការងារ បានសម្រេច ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន១៩៩ គម្រោងស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង, ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, ការពង្រីកគម្រោង ចំនួន ៩ គម្រោង និង គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ ។ល។ ក្រៅពីនេះ, ក្រុមការងារ​បានអនុវត្តវិធាន ការនានា ដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ច សហការខ្ពស់ និង ការចូលរួមយ៉ាងសកម្ម របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធ​តួអង្គតែមួយ”។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និង លទ្ធផល​សម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះ រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធាន ការ ដដែល និង បន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្រប សម្រួល និង ជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួល ការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និងរោងចក្រ ក្នុងខេត្ត​ព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមាន សមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំខាងលើក៏បានដាក់ចេញទិសដៅការងារបន្ត ក្នុងឆ្នាំ ២០២៦ និង ២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំ ឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង យកចិត្តទុកដាក់​ខ្ពស់ក្នុង​ការសហការ ជាមួយក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្ត។

សូមជម្រាបថា សម្រាប់រយៈពេល ២ ឆ្នាំ កន្លងទៅនេះក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍​លើកទឹកចិត្តពិសេស គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល  កែលម្អរួចរាល់ មាន ១៣៤ គម្រោង ស្មើនឹង ៣៣​ភាគរយ, គម្រោងដែលកំពុងអនុវត្ត ការសាងសង់ ជួសជុល  កែលម្អមាន ១៦២ គម្រោង ស្មើនឹង ៣៩ភាគរយ,និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការ សាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨​ភាគរយ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: