ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានការណ៍នៅជួរមុខស្ងប់ស្ងាត់ គិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥នេះ

BY
Nisaiy KN
December 28, 2025

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីភាគីទាំងពីរគឺកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាប់តាំងតែពីម៉ោង១២,០០ថ្ងៃត្រង់នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ និង គិតដល់ម៉ោង១៦,០០រសៀលថ្ងៃនេះដែរស្ថានការណ៍ជួរមុខមានសភាពស្ងប់ស្ងាត់។នេះបើតាមការបញ្ជាក់ពីសំណាក់ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

គួរបញ្ជាក់ថា បើយោងតាមរយៈសេចក្តីថ្លែងការណ៍រួម គឺកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន។

ក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ បានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ទឹកដីខេត្តប៉ៃលិន ប្រទេសកម្ពុជា និងបានប៉ាក់កាដ ក្នុង ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយក្នុងនេះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និងដោយមានការចូលរួមសង្កេតពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា៖ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើបទឈប់បាញ់នេះ កងកម្លាំងរបស់យើងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត និងកំពុងបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: