ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយ

    BY SOMATEY December 29, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយ

    តាមការចុះផ្សាយពី ក្រសួងព័ត៍មាន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់ សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង។

    នេះគឺជា ខ្លឹមសារ នៃសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

    សារពិសេសនេះបានគូសបញ្ជាក់ថា បទពិសោធនៃសង្គ្រាមដ៏ឆ្អែតឆ្អន់របស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់បានដោយសង្គ្រាមនោះទេ ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និងការយោគយល់គ្នាប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមបាន ព្រមទាំងអាចបញ្ចៀសបាននូវការបាត់បង់អាយុជីវិត ការឈឺចាប់ និងការរងទុក្ខសោករបស់បងប្អូនប្រជាពលរដ្ឋ។

    តារយៈសារពិសេសនេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទីនឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី និងក្នុងការអភិវឌ្ឍជាតិ និងមាតុភូមិកម្ពុជាជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ៕

    ប្រភព  ក្រសួងព័ត៍មាន 

    Share This Post: