នាវាទេសចរណ៍ខ្នាតធំ DIAMOND PRINCESS នាំភ្ញៀវទេសចរអន្តរជាតិជិត ៣ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DIAMOND PRINCESS បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ ដើម្បីមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS នេះមានសញ្ជាតិ Bermuda មានបណ្ដោយប្រវែង ២៨៨.៣៣ម៉ែត្រ ទទឹងប្រវែង ៣៧.៥០ម៉ែត្រ និងជម្រៅទឹក ៨.៥០ម៉ែត្រ។
ក្នុងដំណើរចូលចតនេះ នាវាបាននាំភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២ ៨៥០នាក់ ដែលមានរហូតដល់ទៅ ៥២សញ្ជាតិផ្សេងៗគ្នា។ ក្រោយពេលចូលចត ភ្ញៀវទេសចរទាំងនោះបានអញ្ជើញចុះទៅទស្សនាសក្តានុពលទេសចរណ៍សំខាន់ៗនៅក្នុងខេត្តព្រះសីហនុ រួមមាន ការកម្សាន្តនៅតាមរមណីយដ្ឋានឆ្នេរដ៏ស្រស់ស្អាតក្នុងក្រុង, ការទស្សនាវត្តអារាមដើម្បីស្វែងយល់ពីវប្បធម៌, និងការដើរទិញទំនិញនៅផ្សារលើ ជាដើម។
ការមកដល់នៃនាវាទេសចរណ៍ខ្នាតធំនេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីការងើបឡើងវិញ និងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាបង្ហាញពីទំនុកចិត្ត និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិផងដែរ៕



ប្រភព ក្រសួងព័ត៍មាន