ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវគ្រប់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ

    BY SOMATEY December 30, 2025
    កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវគ្រប់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដោយឈរលើស្មារតីនៃការដោះស្រាយដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់ អាវុធបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងឯកសារព្រមព្រៀងផ្សេងៗទៀត ដើម្បីឆ្ពោះទៅកាន់ការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

    នេះជាការលើកឡើងរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ កម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។

    លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃ ដោយបានធ្វើការបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ភាគីថៃកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែល បានលើកឡើងថា ខ្លួនបានរកឃើញយានគ្មានមនុស្សបើក UAV (ដ្រូន) ជាង២៥០គ្រឿងហោះចេញពីកម្ពុជាចូលទៅរំលោភក្នុងដែនអធិបតេយ្យរបស់ថៃ។ លោកជំទាវបានបន្ថែមថា ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនបានចេញសេចក្តីណែនាំ និងពង្រឹងការហាមប្រាមនូវសកម្មភាពការបង្ហោះដ្រូនយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ហើយក៏គ្មានការ បង្ហោះដ្រូនអ្វីឡើយ ដែលក្រសួងការពារជាតិកម្ពុជាសូមធ្វើការបដិសេធ និងច្រានចូលនូវការចោទប្រកាន់របស់ភាគីថៃទាំងស្រុង។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ទន្ទឹមនេះក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់យ៉ាងដាច់ខាតទៅលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: