កម្ពុជាជាប្រទេសតូចមែនតែមានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចមែនតែមានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងមានប្រជាជនចេះរួមសាមគ្គីគ្នាយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

ក្នុងសន្និសីសារព័ត៌មានផ្សាយផ្ទាល់ចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ហេតុផលខាងលើនេះហើយដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជានិងជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជា ហើយនេះគឺជាកត្តាធានាយ៉ាងកក់ក្តៅក្នុងជំហានឆ្ពោះទៅដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីនិងដោយយុត្តិធម៌ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដូចដែលបានព្រមព្រៀងគ្នាត្រង់ចំណុចទី៣ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជំហរជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើកាលពីពេលកន្លងមក។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
តាមរយៈនយោបាយការទូតដ៏សកម្ម ត្រឹមត្រូវ និងសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា បណ្តាប្រទេសជាមិត្តជាពិសេសប្រទេសមហាអំណាចបានចាប់អារម្មណ៍មកលើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយបានជួយជ្រោមជ្រែងដើម្បីឈានដល់បទឈប់បាញ់ចំនួនពីរលើក។ លើកទី១ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមពីឯកឧត្តម Donald J.Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងការសម្របសម្រួលពីឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់មក ក្រោមការជំរុញរបស់ប្រធានាធិបតី Donald Trump ក៏មានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមក្រសែភ្នែកជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីដោយផ្ទាល់ និងឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន។ បទឈប់បាញ់លើកទី២ កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្រោមការជួយជ្រោមជ្រែងយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្ត ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន តាមរយៈជំនួបតាមទូរស័ព្ទផង និងការបញ្ជូនប្រេសិតពិសេសមកកាន់កម្ពុជានិងថៃដើម្បីសម្របសម្រួលដោយផ្ទាល់ផង ក៏ដូចជាតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗទៀត។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក៏មានកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ថៃ និងចិន ដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំបានគូសបញ្ជាក់ថា អាទិភាពជាបន្ទាន់គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានានូវការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅឈានទៅរកសន្តិភាពចីរកាល៕
ប្រភព៖ ក្រសួងព័ត៌មាន