ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល បាន និងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តោយព្រំដែន
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការ បាន និងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តោយព្រំដែន ហើយសម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅកាន់ផ្ទះសំបែងវិញបានអាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែង និងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយគិតគូយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគេ។

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ចំណែកឯអ្នកដែលពុំអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន រាដរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការមើលថែទាំពួកគាត់ក្នុងមណ្ឌលសុវត្ថិភាព។
ឯកឧត្តមបានលើកឡើងថា គិតត្រឹមល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ម្សិលមិញ មានពលរដ្ឋភៀសសឹកប្រមាណជាង ៤៨ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់លំនៅឋានវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកតែជាង ១៦ម៉ឺននាក់ទៀតប៉ុណ្ណោះដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគាត់បានវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ខ្លួនវិញជាបន្តបន្ទាប់។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការវិលត្រឡប់វិញរបស់បងប្អូនជនភៀសសឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈនានាក៏បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ៕
ប្រភព ក្រសួងព័ត៍មាន