មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ បញ្ជាក់ថា រូបសំណាកព្រះពោធិសត្វលោកេស្វរៈរង្វង់មូលខេត្ត បានឆ្លាក់ចម្លងតាមទម្រង់រូបបុរាណ ជារចនាបថបាយ័ន នាចុងស.វ ទី១២ ដើម ស.វ ទី១៣ និងជារូបក្នុងពុទ្ធសាសនាមហាយាន
(ខេត្តឧត្តរមានជ័យ)៖ តាមការចុះរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បញ្ជាក់ថា រូបសំណាកព្រះពោធិសត្វលោកេស្វរៈរង្វង់មូលខេត្ត ដែលឆ្លាក់ចម្លងតាមទម្រង់រូបបុរាណ ជារចនាបថបាយ័ន នាចុងស.វ ទី១២ ដើម ស.វ ទី១៣ និងជារូបក្នុងពុទ្ធសាសនាមហាយាន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្រោយការបង្ហោះរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ របស់ផេកផ្លូវការ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឃើញថាមានបុគ្គល និង សាធារណជនមួយចំនួនបានយករូបភាពទាំងនោះមកបង្ហោះបន្តសរសេររិះគន់ និងខ្លះចូលបញ្ចេញមតិថាមិនគួរណាយករូប ព្រះពុទ្ធមកធ្លាក់ដាក់នៅជើងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាទេពព្រហ្មញ្ញសាសនា ដែលជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាដើម។
ក្នុងនាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យសូមធ្វើការបញ្ជាក់ដល់សាធារណជនឱ្យបានជ្រាបថា៖ ចំពោះ រូបសំណាករង្វង់មូលខេត្តឧត្តរមានជ័យនេះគឺជារូបរបស់ព្រះពោធិសត្វលោកេស្វរៈ ធ្វើពីថ្មភក់ ព្រះហស្តប្រាំបីកាន់កេតនភណ្ឌ ផ្សេងៗ មានធ្លាក់រូបព្រះពុទ្ធតូចៗ នៅលើព្រះកាយនិងព្រះបាទា ដែលឆ្លាក់ចម្លងតាមទម្រង់រូបបុរាណ ដែលដាក់តាំងនៅសារ មន្ទីរជាតិកម្ពុជា និងរូបមួយចំនួនតាំងនៅអភិរក្សដ្ឋានអង្គរ ហើយស្ថិតក្នុងសម័យអង្គរ រចនាបថបាយ័ន នាចុងស.វ ទី១២ ដើម ស.វ ទី១៣ ជារូបនៅក្នុងពុទ្ធសាសនាមហាយាន ដែលមានការគោរពប្រណិប័តន៍យ៉ាងមុតមាំ និងមានឥទ្ធិពល នៅក្នុងសង្គម ខ្មែរតាំងពីសម័យបុរាណមកម្លេះ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលក្នុងនោះមានប្រាសាទជាច្រើនដែល តម្កល់និងធ្លាក់បង្ហាញនៅលើជញ្ជាំង នូវរូបព្រះពោធិសត្វលោកេស្វរៈអង្គនេះ មានដូចជា ប្រាសាទតាព្រហ្ម (ទន្លេបាទី) ប្រាសាទបាកាណ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមួយចំនួនក្នុងតំបន់អង្គរជាដើម។ សព្វថ្ងៃមានរូបព្រះពោធិសត្វលោកេស្វរៈជា ច្រើនដែលបានតម្កល់នៅតាមសារមន្ទីរនានា និងនៅអភិរក្សដ្ឋានអង្គរដែលសាធារណជនអាចចូលទៅទស្សនា និងសិក្សា ឈ្វេងយល់បន្ថែម៕









ប្រភព៖ ឯកសារមន្ត្រីសាធារណៈ