អាជ្ញាធរវៀតណាម ឃាត់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនចំណីអាហារម្នាក់ ជុំវិញករណីយកសាច់ជ្រូកមានជំងឺចំនួន ១៣០តោនផលិតជាប៉ាតេ
វៀតណាម៖ អាជ្ញាធរវៀតណាមបានចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនចំណីអាហារម្នាក់ ជុំវិញករណីយកសាច់ជ្រូកមានជំងឺចំនួន ១៣០តោនផលិតជាប៉ាតេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីពេលថ្មីៗនេះ។ ជនសង្ស័យមានឈ្មោះថា Truong Sy Toan ភេទប្រុស និងមានអាយុ ៥៧ឆ្នាំ។
ប្រភពខាងលើបានបន្តថា ក្រុមហ៊ុនចំណីអាហាររបស់លោក Truong Sy Toan មានឈ្មោះថា Halong Canned Food JSC មានទីតាំងស្ថិតនៅក្នុងទីក្រុង Hai Phong ភាគខាងត្បូងប្រទេសវៀតណាម។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា នៅក្នុងការបង្រ្កាបករណីនេះប៉ូលិសជំនាញបានរកឃើញសាច់ប៉ាតេផលិតរួចរាល់ចំនួន ១,៧តោន ខណៈប្រភេទមេរោគដែលមាននៅក្នុងសាច់ជ្រូកនោះ គឺមេរោគនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក (African Swine Fever Virus) ។ ទន្ទឹមគ្នានេះ ប៉ូលិសវៀតណាមក៏បានរកឃើញអាហារមួយចំនួនទៀតមានផ្ទុកមេរោគគ្រុនផ្តាសាយជ្រូកអាហ្វ្រិកដូចគ្នាផងដែរ រួមមានចៃយ៉ចំនួន ៤,០០០គីឡូក្រាម និងគួងចំនួន ៣,០០០គីឡូក្រាម ខណៈស្បែកជ្រូកចំនួន ១៣,០០០គីឡូក្រាម និងស្បែកមាន់ចំនួន ៨,០០០គីឡូក្រាម ត្រូវបានរកឃើញថា មានផ្ទុកនូវបាក់តេរី Salmonella ដែលជាប្រភេទបាក់តេរីបង្កឱ្យមានជំងឺក្រពេះ និងពោះវៀន៕
អត្ថបទ៖ ភក្តី
ប្រភព៖ VN Express

