ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ដាក់សំណើជាលើកទី៣ ទៅកាន់ភាគីថៃ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះចុះលើដីជាក់ស្តែងឡើងវិញ

    BY SOMATEY January 15, 2026
    កម្ពុជា ដាក់សំណើជាលើកទី៣ ទៅកាន់ភាគីថៃ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះចុះលើដីជាក់ស្តែងឡើងវិញ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យ​ដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា បន្ទាប់ពីភាគីថៃបានស្នើសុំលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) ជាលើកទី២ ដោយសុំពន្យារពេលរហូតទៅដល់ក្រោយការបោះឆ្នោតសភារបស់ខ្លួននៅដើមខែកុម្ភៈខាងមុខ ភាគីកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានដាក់សំណើសាជាថ្មីទៅកាន់ភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដើម្បី៖

    ទី១. ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តន៍ការងារបោះបង្គោលបណ្តោះអាសន្ននូវកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ និងបង្គោលលេខ៥៧-៥៩ នូវកាលបរិច្ឆេទសមស្របណាមួយចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

    ទី២. ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះភាគីទាំងពីរចុះធ្វើការនៅលើដីជាក់ស្តែងនូវកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដ ដែលភាគីទាំងពីរបានឯកភាពគ្នា។

    នៅក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងជាមួយនឹងភាគីថៃ និងបានគូសបញ្ជាក់ថា ការចាត់បញ្ជូនក្រុមការងារចម្រុះដើម្បីចុះបន្តធ្វើការងារនៅលើដីជាក់ស្តែងនេះគឺធ្វើឡើងស្របតាមនីតិវិធី និងបែបបទការងារដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តច័ន្ទបុរី ប្រទេសថៃ។

    ឯកឧត្តមបានបន្ថែមថា សំណើលើកទី៣របស់កម្ពុជាទៅកាន់ភាគីថៃ គឺពាក់ព័ន្ធទៅនឹងក្រុមការងារបច្ចេកទេសដែលអាចដំណើរការការងារបានជាធម្មតា បើទោះបីជាភាគីថៃកំពុងស្ថិតក្នុងដំណាក់កាលនៃរដ្ឋាភិបាលចាំផ្ទះក៏ដោយដូចដែលនាយករដ្ឋមន្ត្រីថៃធ្លាប់បានបញ្ជាក់រួចហើយកាលពីពេលថ្មីៗនេះ៕

    ប្រភព ក្រសួងព័ត៍មាន 

    Share This Post: