ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងតែរងនូវការខ្វះខាតទឹក ក្នុងស្រុកមុខកំពូល

    BY SOMATEY January 16, 2026
    ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងតែរងនូវការខ្វះខាតទឹក ក្នុងស្រុកមុខកំពូល

    ផ្ទៃដីស្រូវរបស់ប្រជាកសិករប្រមាណជាង ៤រយហិតា ក្នុងឃុំរកាកោង១ និងរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពុងរងនូវការខ្វះខាតទឹកសម្រាប់ស្រោចស្រព ត្រូវបានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យទីតាំងបូមទឹក ដើម្បីជួយសង្គ្រោះដល់ស្រូវដែលកំពុងប្រឈមនូវការខ្វះខាតទឹក នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

    ក្នុងឱកាសចុះពិនិត្យទីតាំងបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករនៅស្រុកមុខកំពូលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការជួយពិនិត្យរាល់តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវរបស់ប្រជាកសិករ ដោយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិកររងនូវការខូចខាតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងមូលដ្ឋានឡើយ។

    ឯកឧត្តមអភិបាលខេត្ត បន្តថា៖ សម្រាប់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាខ្វះខាតទឹកនេះនេះ អាជ្ញាធរ និងមន្ត្រីជំនាញ បានគិតគូរ និងខិតខំស្វែងរកទឹក ដើម្បីធ្វើការស្រោចស្រពជូនបងប្អូនឱ្យផលស្រូវទទួលបានទិន្នផលដោយមិនរងនូវការខ្វះខាតទឹកស្រោចស្រពឡើយ ព្រោះថាតំបន់នេះគឺជាតំបន់ដែលមិនមានអាងស្តុកទឹកឡើយ ដោយតំបន់នេះពឹងផ្អែកទៅលើប្រឡាយស្តុកទឹក ហើយនៅពេលដែលប្រឡាយអស់ទឹកនោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋនឹងជួបបញ្ហាប្រឈម ប៉ុន្តែអាជ្ញាធរបានធ្វើការគិតគូរដោយធ្វើការបូមទឹកពីតាមព្រែក និងទន្លេដែលនៅជិតតំបន់នេះ បញ្ចូលក្នុងប្រឡាយដើម្បីឱ្យបងប្អូនប្រជាកសិករមានទឹកសម្រាប់ស្រោចស្រពស្រូវ។

    ក្នុងឱកាសនោះដែរ សំណូមពរដល់អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមជួយថែរក្សាម៉ាស៊ីនបូមទឹកដែលកំពុងដំណើរការការបូមទឹក ក្នុងការជួយស្រោចស្របស្រូវរបស់បងប្អូន កុំឱ្យមានបញ្ហាខូច ឬបញ្ហាអ្វីផ្សេងៗ ដែលធ្វើឱ្យអាក់ខានក្នុងការបូមទឹកចូលប្រឡាយសម្រាប់ជួយស្រូវរបស់បងប្អូនប្រជាកសិករ។ 

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: