រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីលើកឡើងថា ការប្រគល់បណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ សំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់ជនជាតិដើមភាគតិច
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍លើកឡើងថា ការប្រគល់បណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់បណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងក៏ដូចជាបញ្ចប់មន្ទិលរបស់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច ។

ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ជនជាតិដើមភាគតិចក្នុងភូមិសាស្រ្ដខេត្ដរតនគិរី នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅខេត្ដរតនគិរី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី មន្ត្រីរាជការ កងកម្លាំង និងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តាំផ្ញើរបងប្អូនទាំងអស់ សូមថែរក្សា និងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយទៅមុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និងរៀបចំភូមិដ្ឋានរបស់យើងឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត លើកស្ទួយជីវភាពពលរដ្ឋនៅភូមិភាគឦសានឱ្យកាន់តែរីកចម្រើនទៅមុខ។ សូមជម្រាបជូនថា សម្រាប់ពិធីចែកបណ្ណសមូហភាពចំនួន ២៦២ បណ្ណ ជូនសហគមន៍ ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នេះគឺមានចំនួន ៥ភូមិ រួមមាន ភូមិខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ នៃឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី៕

