ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្នាក់ដឹកនាំការទូតជាន់ខ្ពស់កម្ពុជា ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

    BY SOMATEY January 23, 2026
    ថ្នាក់ដឹកនាំការទូតជាន់ខ្ពស់កម្ពុជា ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Markéta KOLC HÁJKOVÁ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកជំទាវ Markéta KOLC HÁJKOVÁ ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។

    ឯកឧត្តមបានសម្តែងការ កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសាធារណរដ្ឋឆែក និងបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសាងឡើងពីគ្រឹះដ៏រឹងមាំបង្កើតឡើងដោយឯកអគ្គរដ្ឋទូតមុនៗ។

    នេះបើយោងតាមខ្លឹមសារស្តីពីជំនួបសម្តែងការគួរសមរបស់ថ្នាក់ដឹកនាំទាំងពីរ។

    ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែកចំពោះការបន្តផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត Markéta KOLC HÁJKOVÁ បានសម្តែងនូវអំណរគុណ យ៉ាងស្មោះសរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍លោកជំទាវ និងបានគូសបញ្ជាក់ ពីសារៈសំខាន់នៃការរក្សាការសន្ទនាទ្វេភាគីជាប្រចាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។

    លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីគោលបំណងរបស់សាធារណរដ្ឋឆែកក្នុងការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៦។

    លោកជំទាវ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើ ការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង និងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្ថែមទៀត ដោយផ្អែកលើតម្លៃរួម និងការគោរព គ្នាទៅវិញទៅមក ក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

    នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្តែងទស្សនវិជ្ជមានលើការបន្ត គាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិនានា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងស្ថិរភាព៕ 

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: