វិទ្យាស្ថាន វីលៀម អាងលីស (William Angliss Institute) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Wayne Crosbie នាយកផ្នែកអន្តរជាតិ និងការអភិវឌ្ឍន៍ធុរកិច្ចនៃវិទ្យាស្ថាន វីលៀម អាងលីស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីសាលាវិជ្ជាជីវៈទេសចរណ៍។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់វិទ្យាស្ថានក្នុងនាមជា ក្រុមហ៊ុនមួយក្នុងការផ្តល់ប្រឹក្សាយោបល់របស់សាលាវិជ្ជាជីវៈទេសចរណ៍ ដែលបានជួយរៀបចំកម្មវិធីសិក្សា ឯកសារសៀវភៅបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ) នាពេលកន្លងមក។
គូសបញ្ជាក់ផងដែរថា វិទ្យាស្ថាន វីលៀម អាងលីស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤០។ វិទ្យាស្ថាន វីលៀម អាងលីស គឺជាមជ្ឈមណ្ឌលឯកទេសធំបំផុតនៅប្រទេសអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ បដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានទទួលស្គាល់ជាវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលឯកទេស ដែលផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជាង ១៤៣ កម្មវិធី។
ក្នុងជំនួបនេះផងដែរ លោក Wayne Crosbie ក៏បានលើកឡើងនូវបញ្ហាប្រឈម និងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនជូនក្រសួងទេសចរណ៍ ដើម្បីជាធាតុចូលបន្ថែមក្នុងការដាក់ឱ្យអនុវត្តសាលាវិជ្ជាជីវៈទេសចរណ៍នាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងទទួលយកនូវអនុសាសន៍របស់វិទ្យាស្ថានដើម្បីទៅពិនិត្យ និងសិក្សាបន្ថែម។ មុននឹងបញ្ចប់ លោក Wayne Crosbie ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន វីលៀម អាងលីស ក្នុងប្រទេសអូស្រ្តាលី ក្នុងពេលវេលាសមស្របណាមួយ។





