ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វខ្លាត្រី បង្ហាញវត្តមានជាថ្មីម្តងទៀត នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

    BY soknita February 2, 2026
    សត្វខ្លាត្រី បង្ហាញវត្តមានជាថ្មីម្តងទៀត នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

    (ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រក វត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្ហាញពី លទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា។ តាមរយៈកំណត់ត្រារូបភាពនៃសត្វខ្លាត្រីដ៏កម្រតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនាពេលនេះ បង្ហាញពីផ្លែផ្កានៃកិច្ចសហការក្នុងការស្តារ ព្រៃលិចទឹកឡើងវិញរយៈពេលវែងនៅតំបន់អេកូឡូស៊ីទឹកសាបដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា សត្វខ្លាត្រី មួយក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។

    ចំពោះសត្វខ្លាត្រី (Prionailurus viverrinus) មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។ សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ វាមានមាឌធំជាឆ្មាស្រុក ២ដង ហើយច្រើនរស់នៅតែឯកឯង។ សត្វខ្លាត្រី ប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំរបស់វា។ សត្វនេះអាច ហែលទឹកបានយ៉ាងជំនាញ ហើយមុជទឹកចាប់ត្រីយ៉ាងរហ័ស។ ចំណីចម្បងរបស់វាមានដូចជាសត្វត្រី សត្វកកេរ សត្វ ស្លាប និងសត្វលូនជាដើម។ នៅប្រទេសកម្ពុជា កំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រី ពុំសូវមានច្រើននោះទេ ដោយគេ ឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួនដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោង កាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១កាលពីឆ្នាំ២០២២)។ ការបញ្ជាក់ពីវត្តមានសត្វនេះជា រឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ (Prionailurus bengalensis)។

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post: